Thursday, August 26, 2021

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក, ប្រជាធិបតេយ្យនៅចុងកាណុងកាំភ្លើង

(ប៉េកាំង)៖ អស់រយៈពេលជាង ២៤០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីបានប្រកាសឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦មក មានពេលតែជាង ២០ឆ្នាំប៉ុណ្ណោះដែល សហរដ្ឋអាមេរិកមិនបានលូកដៃចូលក្នុងសង្រ្គាមណាមួយ។ សិ្ថតិរាប់ចាប់ពីការបញ្ចប់សង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ដល់ឆ្នាំ២០០១ បានបង្ហាញថានៅក្នុងចំណោម សង្រ្គាម ឬជម្លោះប្រដាប់អាវុធ ២៤៨លើក ដែលបានកើតឡើងក្នុងតំបន់ចំនួន ១៥៣ នៅជុំវិញពិភពលោក មាន ២០១លើក ឬស្មើនឹងជាង ៨០ភាគរយនៃសង្គ្រាមទាំងនេះ ផ្ដើមគំនិតដោយ ឬសហរដ្ឋអាមេរិកបានលូកដៃ។ ចុងកាណុងកាំភ្លើងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្ដាច់ជីវិតប្រជាជនស៊ីវិលរាប់មិនអស់ រួមទាំងបង្ខំឱ្យមនុស្សរាប់លាននាក់ក្លាយជាជនភៀសខ្លួនរត់ចោលប្រទេស កំណើត និងផ្ទះសម្បែងរបស់ខ្លួនឯង ខណៈប្រទេសមួយចំនួននៅតែរងការឈឺចាប់មកទល់សព្វថ្ងៃ។ ខាងក្រោមនេះគឺជាសង្រ្គាមធំៗ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅក្រោយសង្រ្គាមលោកលើកទី២៖ * សង្រ្គាមកូរ៉េ៖ នៅខែមិថុនា ឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានប្រមូលផ្ដុំសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនឱ្យចូលរួមក្នុង «កងទ័ពសហប្រជាជាតិ (United Nations Army)» ដើម្បី ធ្វើអន្តរាគមន៍យោធាលូកដៃចូលក្នុងសង្រ្គាមស៊ីវិលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សង្រ្គាមនេះបានផ្ដាច់ជីវិតជនស៊ីវិលច្រើនជាង ៣លាននាក់ និង៣លាននាក់ផ្សេងទៀតក្លាយជាជនភៀសខ្លួន។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក៏បានរងការចោទប្រកាន់ផងដែរថាបានធ្វើសង្រ្គាមជីវសាស្រ្តប្រឆាំងនឹង កូរ៉េខាងជើង និងចិន។ * សង្រ្គាមវៀតណាម៖ សង្រ្គាមវៀតណាមដែលមានរយៈពេលពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ គឺជាសង្រ្គាមដ៏យូរអង្វែង និងដ៏សាហាវបំផុតមួយចាប់តាំងពីការបញ្ចប់សង្រ្គាម លោកលើកទី២មក។ សង្រ្គាមនេះបានឆាបយកជីវិតជនស៊ីវិលប្រមាណជា ២លាននាក់ និង៣លាននាក់ទៀតក្លាយជនភៀសខ្លួន។ សហរដ្ឋអាមេរិកបានទម្លាក់សារធាតុគីមី ជាង ៧៥.៧១លានលីត្រ អំឡុងសង្រ្គាមវៀតណាម ដោយបានផ្ដាច់ជីវិតប្រជាជនវៀតណាមដោយផ្ទាល់ជាង ៤០០,០០០នាក់ ខណៈជិត ២លាននាក់ដែលរងផលប៉ះពាល់ពី សារធាតុគីមីទាំងនេះបានកើតជំងឺមហារីក និងជំងឺជាច្រើនទៀត។ បន្ថែមពីលើនេះ គ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះដែលអាមេរិកទម្លាក់នៅវៀតណាមយ៉ាងហោច ៣៥០,០០០តោន ត្រូវបានគេវាយតម្លៃថាត្រូវចំណាយពេលដល់ទៅ ៣០០ឆ្នាំដើម្បីបោសសំអាត។ សង្គ្រាមវៀតណាម-អាមេរិក​នេះ បានរាលដាលចូលមកកម្ពុជា​ ចាប់ផ្តើមឆ្នាំ១៩៦២​ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តមសីហនុ​ ព្រះបរមរតនកោដ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ១៩៧០​។​ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក​ លន់​ នល់ មានការគាំទ្រកាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ​ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន​ រួមមានគ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ។​ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ​ បានជួយរុញច្រានឲ្យកើតមាន របបប្រល័យពូជសាសន៍ខែ្មរក្រហមនៅកម្ពុជា​។ សង្គ្រាមជាង១០ឆ្នាំនេះ​ (១៩៦២-៧៥)​ បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា​ និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត​ ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់​។​ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិលជាង២០ឆ្នាំទៀត​ ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។​ * សង្រ្គាមនៅកូសូវ៉ូ៖ ក្នុងឆ្នាំ១៩៩៩ កងទ័ពអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារទម្លាក់គ្រាប់បែករយៈពេល ៧៨ថ្ងៃ លើអតីតសាធារណរដ្ឋ យូហ្គូស្លាវី ក្រោមហេតុផលបង្ការកុំឱ្យមានគ្រោះហន្តរាយនៃមនុស្សជាតិ។ សង្រ្គាមនេះបានសម្លាប់ជនស៊ីវិល ៨,០០០នាក់ និងច្រើនជាង ១លាននាក់ត្រូវភៀសខ្លួនចេញពី ផ្ទះសម្បែង ឬប្រទេសកំណើតរបស់ខ្លួន ព្រមទាំងបង្កការខាត់បង់សេដ្ឋកិច្ច ២៩.៦ពាន់លានដុល្លារ។ រហូតដល់នៅខែមីនា ឆ្នាំ២០០០ កងកម្លាំងរក្សាសន្តិភាព UN បានទទួល ស្គាល់ថាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកវិទ្យុសកម្មសរុប ៣១,០០០គ្រាប់ ដើម្បីបំផ្លាញរថក្រោះ និងបន្ទាយទ័ពរបស់យូហ្គូស្លាវី។ លើសពីនេះទៅទៀត ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៩ យន្ដហោះចម្បាំង NATO បានកម្ទេចរោងចក្រគីមីមួយក្នុងទីក្រុង Pancevo ដោយបង្កឱ្យសារធាតុវិទ្យុសកម្មបង្កជំងឺមហារីកក្នុងទីក្រុងនេះ ឡើងដល់កម្រិត ១០,៦០០ដង លើសកម្រិតធម្មតានៅពេលនោះ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ទាហានអ៉ីតាលីដែលបានចូលរួមក្នុងប្រតិបត្តិការយោធា NATO បានស្លាប់ ដោយសារជំងឺមហារីក និង ៧,៥០០នាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺដែលបង្កឡើងដោយធាតុវិទ្យុសកម្ម។ *សង្រ្គាមនៅអាហ្វហ្កានីស្ថាន៖ នៅខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធា NATO បានដឹកនាំកងទ័ពចូលឈ្លានពានអាហ្វហ្កានីស្ថានដើម្បីតាមកម្ចាត់មេដឹកនាំក្រុមអាល់កៃ អ៊ូសាម៉ា ប៊ិន ឡាដិន និងផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ដែលអាមេរិកចោទថាជួយលាក់បំពួនមេភេរវកររូបនេះ។ សង្រ្គាមនៅអាហ្វហ្កានីស្ថាន អូសបន្លាយ ពេលជាង ២០ឆ្នាំ បានបង្កឱ្យជនស៊ីវិលអាហ្វហ្កានីស្ថានច្រើនជាង ១០០,០០០នាក់ស្លាប់ និងរងរបួស ហើយ ១១លាននាក់កា្លយជាជនភៀសខ្លួន។ ក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) បាននិយាយថាកងទ័ពអាហ្វហ្កានីស្ថាន ៤៥,០០០នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០១៤មក ស្របពេលរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៩ដដែល បានឱ្យដឹងថាជនស៊ីវិលអាហ្វហ្កានីស្ថាន ៣២,០០០នាក់បានស្លាប់នៅក្នុងសង្រ្គាមនេះ។ ក្នុងឆ្នាំ២០២០ អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសពីគម្រោងបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមដែលគេចោទថាប្រពឹ្រត្តឡើងដោយ កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន។ តែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើអគ្គរដ្ឋអាជ្ញា ICC ជាមួយការស្នើឱ្យទម្លាក់ចោលគម្រោង ការស៊ើបអង្កេតនេះជាបន្ទាន់ ហើយរហូតដល់ជំនាន់លោក ចូ បៃដិន ទើបទណ្ឌកម្មនេះត្រូវបានដកចេញ។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថាបេសកកម្មកម្ចាត់ អ៊ូសាម៉ា ប៊ិន ឡាដិន និងការរារាំងការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិក បានទទួលជោគជ័យដែលនេះមានន័យថាអាមេរិក គ្មានហេតុផលអ្វីត្រូវបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានទៀតនោះទេ។ លោក បៃដិនបានប្រកាសដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហានេះ ពោលគឺឱ្យបានមុនថ្ងៃខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្តែ មិនទាន់ដល់កាលបរិច្ឆេទកំណត់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលជា សម្ព័ន្ធមិត្ត និងទទួលបានការទំនុកបម្រុងពីអាមេរិកអស់ជាង ២០ឆ្នាំមកនេះ បានដួលរលំក្រោមដៃក្រុមតាលីបង់មិនដល់ពេល១០ថ្ងៃផង។ *សង្រ្គាមនៅអ៉ីរ៉ាក់៖ នៅខែមីនា ឆ្នាំ២០០៣ សហរដ្ឋអាមេរិក រួមជាមួយអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួនបានលើកទ័ពចូលឈ្លានពានអ៉ីរ៉ាក់ ដោយចោទថារបបដឹកនាំ សាដាំ ហូសេន នៅពេលនោះលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ។ សង្រ្គាមនេះបានផ្ដាច់ជីវិតជនស៊ីវិលចន្លោះពី ២០០,០០០នាក់ ដល់ ២៥០,០០០នាក់ ក្នុងនោះមាន១៦,០០០នាក់ ត្រូវបានសម្លាប់ដោយផ្ទាល់ដោយកងទ័ពអាមេរិក។ មកទល់នឹងបច្ចុប្បន្ន មានគ្រាប់មីន និងគ្រាប់ផ្ទុះដទៃ ២៥លានគ្រាប់ដែលចំាបាច់ត្រូវបោសសំអាត ហើយមិនតែប៉ុណ្ណោះ គ្រាប់បែកវិទ្យុសកម្មជាង ៣,៤០០តោន ក៏ត្រូវបានទម្លាក់ក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។ នៅឆ្នាំ២០០៨ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតលើការហាមឃាត់ ការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្មនៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ ដោយមានប្រទេសចំនួន ១៤១គាំទ្រ។ ប៉ុន្តែសហរដ្ឋអាមេរិក, អង់គ្លេស, បារាំង និងអ៉ីស្រាអែលបានបោះឆ្នោតជំទាស់។ គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១នេះ អង្គការ CODEPINK បានចេញផ្សាយរបាយការណ៍មួយដោយឱ្យដឹងថាក្នុងរយៈពេល ២០ឆ្នាំមកនេះ អាមេរិក និងសម្ព័ន្ធមិត្តរបស់ ខ្លួនបានទម្លាក់គ្រាប់បែក ឬមីស៊ីលជាមធ្យមក្នុងមួយថ្ងៃច្រើនជាង ៤០គ្រាប់ ឬ ៣២៦,០០០គ្រាប់ចាប់តាំងពីឆ្នាំ២០០១មក លើបណ្ដាប្រទេសមួយចំនួនជាពិសេស ក្នុងតំបន់មជ្ឈិមបូព៌ាដូចជា អ៉ីរ៉ាក់, ស៊ីរី, លីប៊ី, អាហ្វហ្កានីស្ថាន និងយ៉េមែនជាដើម៕ ប្រភព៖ Xinhua (ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។)
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...