Wednesday, June 23, 2021

តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់តារាសម្ដែង អេដវីន ចំនួន២បទល្មើស, ប្រឈមនឹងការជាប់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ!

(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន និងបញ្ជូនតារាសម្ដែង យិត មាសឧស្សាហ៍ ហៅអេដវីន ទៅសួរនាំនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីប្រើហិង្សាវាយនឹងខ្សែក្រវ៉ាត់ លើប្រពន្ធមិនទាន់រៀបការយ៉ាងព្រៃផ្សៃ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញរួចមក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់តារាសម្ដែង អេដវីន ជាផ្លូវការចំនួន២បទល្មើស ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី២ឆ្នាំ ទៅ៥ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស និងបទល្មើសជាក់ស្ដែង។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនារសៀលថ្ងៃទី២៣ ខែមិថុនានេះថា «ករណីនេះ បានបើកការស៊ើបសួរពីបទ ហិង្សាដោយអនីតិសង្វាសជន និងធ្វើឲ្យខូចខាតដោយចេតនា ។ សម្រាប់តារាសម្តែងប្រុស លោក អេដវីន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចជាផ្លូវការ ដោយចោទប្រកាន់ពីបទហិង្សាដោយសហព័ទ្ធ ឬដោយអនីតិសង្វាសជន និងធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ»។ យោងតាមប្រភពព័ត៌មានដដែលបានបន្តថា ចំពោះសំណុំរឿងក្ដីនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី។ យោងតាមមាត្រា ២២២ បើតុលាការរកឃើញថា ជនដៃដល់ឆ្នើម អេដវីន បានប្រព្រឹត្តិដូចការចោទប្រកាន់មែននោះ លោកនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លានរៀល ទៅ១០លានរៀល។ សូមបញ្ជាក់ថា តារាសម្ដែងល្បីឈ្មោះក្នុងមជ្ឈដ្ឋានសិល្បៈ លោក យិត មាសឧស្សាហ៍ ហៅ អេដវីន រយៈកាលប៉ុន្មានថ្ងៃចុងក្រោយមកនេះ រូបលោកហាក់កំពុងតែល្បីល្បាញកាន់តែខ្លាំង លើរឿងការប្រើអំហិង្សាយ៉ាងព្រៃផ្សៃ ទៅលើភរិយាមិនទាន់រៀបការរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាឈ្មោះ សុទ្ធ បញ្ចកា ជាស្រ្តីមេម៉ាយកូនពីរ និងជាអតីតប្រពន្ធរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture។ ចំពោះមូលហេតុដែលបង្កឲ្យផ្ទុះ ជាហិង្សានេះឡើង ត្រូវបានភាគីលោក អេដវីន ធ្លាប់បានបង្ហើបឲ្យមហាជនដឹងថា ដោយសារតែមានអ្នកទី៣ ចូលមកជ្រែកស្នេហារបស់លោក ដោយអះអាងតាមរយៈសំណួររបស់មហាជន ក្នុងបណ្ដាញសង្គមថា លោកបានឃើញផ្ទាល់ភ្នែក នៅក្នុងបន្ទប់តែពីរនាក់ជាមួយគ្នា ហើយលោកបានប្រើប្រយោគមួយឃ្លាថា «ពួកគេកំពុងលេងល្បែងចាក់ទឹកដូង»។ យ៉ាងណាមិញ ចាប់តាំងពីបង្ហើបឲ្យដឹងពីមូលហេតុចំបងទាំងនេះរួចមក គេសង្កេតឃើញតារាសម្ដែង លោកអេតវីន បានព្យាយាមធ្វើជាមនុស្សស្ងប់ស្ងាត់ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទាំងអស់ ដោយគេសង្កេតឃើញតែអ្នកនាង សុទ្ធ បញ្ចកា នៅតែបន្តរៀបរាប់ពីដំណើររឿងរហូតឈានដល់ហិង្សា និងបដិសេធថា ខ្លួនពុំមានស្នេហាត្រីកោណ ដូចការចោទប្រកាន់ពីសំណាក់ប្ដីក្រៅខោរបស់ខ្លួននោះឡើយ។ អ្វីដែលជាការភ្ញាក់ផ្អើល នៅក្នុងសំណុំរឿងរបស់ពួកគេទាំងពីរ គឺកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនតារាសម្តែងលោក អេនវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ។ ការឃាត់ខ្លួនតារាសម្ដែង លោក អេដវីន ធ្វើឡើងបន្ទាប់ពីអ្នកនាង សុទ្ធ បញ្ចកា ដែលជាប្រពន្ធមិនទាន់រៀបការរបស់លោក បានទម្លាយរូបភាពជាច្រើនសន្លឹក បង្ហាញពីរបួសស្នាមជាំនៅលើដងខ្លួន និងផ្ទៃមុខ ក្រោយពេលលោក អេដវីន បានប្រើហិង្សាវាយដំដោយក្បាលខ្សែក្រវ៉ាត់ ព្រោះតែរឿងប្រច័ណ្ឌ ដែលបានបង្កការភ្ញាក់ផ្អើលខ្លាំង ដល់មហាជន និងអ្នកគាំទ្រ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...