Tuesday, January 19, 2021

FBI ចាប់ខ្លួនស្ត្រីម្នាក់ក្រោយចូលលួច កុំព្យូទ័រយួរដៃ ពីការិយាល័យប្រធានសភាអាមេរិក និងត្រូវបានគេសង្ស័យថា គ្រោងលក់ឲ្យរុស្ស៊ី

(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក FBI បានឃាត់ខ្លួនស្ត្រីឈ្មោះ រ៉ៃលី ជូន វីលៀមស៍ (Riley June Williams) ជាកុបករម្នាក់ ដែលបានសម្រុកចូលក្នុងវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ពីបទលួចកុំព្យូទ័រយួរដៃមួយគ្រឿង ចេញពីបន្ទប់ការិយាល័យរបស់ ប្រធានសភាតំណាងរាស្ត្រ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ Washington Post បានឱ្យដឹងទៀតថា មនុស្សម្នាក់ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីឈ្មោះ Williams បានប្រាប់ FBI ថារូបនាងបានលួចកុំព្យូទ័រយួរដៃមួយគ្រឿង កំឡុងភាពចលាចលផ្ទុះឡើងនៅក្នុងវិមានសភា។ ចំណែកឯ មិត្តរបស់ស្ត្រីរូបនេះម្នាក់ទៀត ក៏ត្រូវបានគេរាយការណ៍ដែរថា មានវីដេអូដែលបង្ហាញពីសកម្មភាព Williams ចូលលួចឧបករណ៍អេឡិចត្រូនិច ដែលគេជឿជាក់ថា ជាកុំព្យូទ័រយួរដៃ ចេញពីការិយាល័យលោកស្រី Nancy Pelosi ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការចោទប្រកាន់ផ្លូវការណា មួយប្រឆាំងនឹងស្ត្រីរូបនេះទេ ខណៈ FBI កំពុងស៊ើបអង្កេតថា តើស្ត្រីរូបនេះពិតជាមានបំណងលក់ កុំព្យូទ័រយួរដៃរបស់លោកស្រី Nancy Pelosi ទៅឱ្យរុស្ស៊ីដូចសេចក្ដីរាយការណ៍មួយចំនួន បានលើកឡើងដែរ ឬក៏យ៉ាងណា។ គួរបញ្ជាក់ថា ភាពចលាចល និងអំពើហិង្សាដែលត្រូវបានបង្កឡើង ដោយក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ នៅក្នុងវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ បានបណ្ដាលឱ្យមនុស្សយ៉ាងហោច ០៥នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់។ ក្រោយហេតុការណ៍នេះកើតឡើង សភាតំណាងរាស្ត្រអាមេរិក ក៏បានប្ដឹងចោទដកតំណែងលោក ដូណាល់ ត្រាំ ជាលើកទីពីរផងដែរ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួន វាយប្រហារលើវិមានសភា ស្របពេលស្ថាប័ន FBI ព្រមានថា បាតុកម្មតវ៉ាប្រដាប់អាវុធអាចនឹងផ្ទុះឡើងជាថ្មី នៅតាមបណ្តារដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក នៅថ្ងៃដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...