Tuesday, November 17, 2020

ក្តៅគគុក! ប៉ូលិសថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលប្រមូលផ្តុំមុខវិមានសភា ខណៈកិច្ចប្រជុំសភាកំពុងប្រព្រឹត្តទៅ (Video inside)

(បាងកក)៖ ប៉ូលិសបង្រ្កាបកុបកម្មថៃ បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើក្រុមបាតុករ ដែលបានព្យាយាមដករបាំងការពារ នៅខាងក្រៅវិមានសភាជាតិនៅថ្ងៃអង្គារនេះ ខណៈសមាជិកសភា កំពុងពិភាក្សាដេញដោលមតិគ្នា លើសំណើពាក់ព័ន្ធនឹង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ូលិសថៃបានដាក់របាំងការពារ នៅខាងក្រៅអគារសភាជាតិ ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បាននិងកំពុងប្រមូលផ្ដុំគ្នាធ្វើការតវ៉ា។ ក្រុមបាតុករដែលពាក់មួកសុវត្ថិភាព និងម៉ាសបិទមុខ បានព្យាយាមដករបាំងការពារ ជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស។ ដោយមើលឃើញការតវ៉ាកាន់តែក្តៅគគុក ប៉ូលិសបានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបាញ់បំបែកហ្វូងក្រុមបាតុករនោះ ហើយពួកគេក៏បានគប់គ្រាប់បែកផ្សែង ទៅលើប៉ូលិសវិញផងដែរ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬអ្នកត្រូវបានចាប់ខ្លួននៅឡើយទេ។ សមាជិកសភាថៃនៅថ្ងៃអង្គារនេះ បានបើកការជជែកដេញដោល លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើស្នូលមួយដ៏សំខាន់របស់ក្រុមបាតុករ។ សេចក្ដីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ០៧ នឹងត្រូវឆ្លងកាត់ការបោះឆ្នោត កំឡុងសម័យប្រជុំរួមគ្នាមួយ មានរយៈពេល ០២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារនេះនៅឯសភា និងព្រឹទ្ធសភានៃប្រទេសថៃ។ គួរបញ្ជាក់ថា ក្រុមបាតុករដឹកនាំដោយនិស្សិតថៃ បាននិងកំពុងតវ៉ាទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទាំងការធ្វើកំណែទម្រង់ របបរាជានិយមថៃសព្វថ្ងៃ ដែលកំពុងផ្តល់អំណាចជ្រុលហួសហេតុ ដល់ព្រះមហាក្សត្រផងដែរ។ ទោះជាបែបនេះក្តី ក្រុមបាតុករខាងលើនេះបានអះអាងជារឿយៗថា ពួកគេគ្មានចេតនាផ្ដួលរំលំរបបរាជានិយមឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...