Monday, November 30, 2020

តើអ្នកដឹងទេ! តំបន់ត្រីកោណមរណៈដែលនៅភាគខាងលិចអាត្លង់ទិក ពិតជាមានគ្រោះថ្នាក់ដូចគេថាមែនឬយ៉ាងណា?

(បរទេស)៖ ធ្លាប់មានគេល្បីតៗគ្នាថា តំបន់ត្រីកោណមរណៈ បឺរមូដាត្រាយអេងហ្គល (Bermuda Triangle) ជាកន្លែងបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់កប៉ាល់ និងយន្តហោះអស់ជាច្រើន ខណៈទីអាថ៌កំបាំងនេះស្ថិតនៅក្នុងលម្ហសមុទ្រភាគខាងលិចមហាសមុទ្រអាត្លង់ទិក ក្បែររដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ តើពាក្យចរចាមអារ៉ាមខាងលើនេះមានពិតមែន ឬយ៉ាងណា សូមស្វែងយល់នូវការពន្យល់ដូចខាងក្រោម៖ ទោះបីមានទ្រឹស្តីចម្លែកៗរាប់មិនអស់ ដែលបានលើកឡើងពាក់ព័ន្ធនឹងតំបន់បឺរមូដាត្រាយអេងហ្គលនេះក្តី ប៉ុន្តែមិនមានទ្រឹស្តីណាមួយអាចផ្តល់ជាភស្តុតាងជាក់ស្តែងឡើយ។ ផ្ទុយទៅវិញ នៅតែមានកប៉ាល់ និងយន្តហោះធ្វើចរាចរណ៍ព្រោងព្រាតឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃ ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ។ រូបរាងជាត្រីកោណរបស់តំបន់មជ្ជុរាជនេះ គឺដោយសារគេកំណត់យកកំពូលមុំបីរវាងទីក្រុងម៉ៃអាមី (Miami) នៃរដ្ឋផ្លរីដានៅភាគពាយព្យ កោះបឺរមូដា (Bermuda) នៅភាគឦសាន និងដែនរដ្ឋបាលអាមេរិក ព័រតូរីកូ (Puerto Rico) នៅភាគអាគ្នេយ៍។ យ៉ាងណាក្តីព្រំដែនពិតប្រាកដនៃតំបន់បឺរមូដាត្រាយអេងហ្គល ពុំមានការទទួលស្គាល់ជារួមមួយនោះឡើយ។ ការប៉ាន់ប្រមាណស្ដីពីទំហំសរុបនៃតំបន់នេះបានឱ្យដឹងថា គឺវាមានទំហំចន្លោះ ១,៣០០,០០០ ដល់ ៣,៩០០,០០០ គីឡូម៉ែត្រក្រឡា។ ការប៉ាន់ស្មានទាំងអស់នេះសុទ្ធតែបង្ហាញថា តំបន់មួយនេះមានសណ្ឋានជារាងត្រីកោណ។ ឈ្មោះតំបន់បឺរមូដាត្រាយអេងហ្គលនេះ មិនមានជាផ្លូវការនៅលើផែនទីពិភពលោកណាមួយនោះទេ។ លើសពីនេះទៀត តំបន់ភូមិសាស្រ្តមួយនេះ ក៏ពុំមានការទទួលស្គាល់ក្នុងនាមជាតំបន់ផ្លូវការមួយនៅក្នុងមហាសមុទ្រអាត្លង់ទិកនោះដែរ។ មានរបាយការណ៍ជាច្រើនបាននិយាយថា តាំងពីជាងពាក់កណ្តាលសតវត្សរ៍ទី ១៩ មានកប៉ាល់ និងយន្តហោះជាច្រើនបានបាត់ខ្លួននៅតំបន់នេះ ប៉ុន្តែជាមួយគ្នានោះ ពាក្យ Bermuda Triangle ពុំមានប្រើប្រាស់នោះទេ ពោលគឺទើបតែឮគេនិយាយពាក្យចរចាអារ៉ាមចាប់ពីឆ្នាំ១៩៦៤ រហូតដល់ពេលក្រោយៗនេះទេ។ ដំបូងឡើយ ពាក្យនេះបានលេចឡើងនៅលើអត្ថបទទស្សនាវដ្តីមួយសរសេរដោយលោក វីនសិន ហ្កាដឌីស (Vincent Gaddis) ដោយបានពិពណ៌នាអំពីតំបន់រាងត្រីកោណមួយដែលបានបំផ្លាញកប៉ាល់ ព្រមទាំងយន្តហោះរាប់រយគ្រឿង ដោយពុំមានបន្សល់ទុកស្លាកស្នាមអ្វីសូម្បីតែបន្តិច។ ដោយផ្ទុយពីការល្បីតៗគ្នា តំបន់បឺរមូដាត្រាយអេងហ្គលពុំមានហេតុការណ៍បាត់កប៉ាល់ ឬយន្តហោះច្រើន ឬញឹកញាប់ញាប់ខុសពីតំបន់ដទៃៗនៅក្នុងមហាសមុទ្រអាត្លង់ទិចនោះទេ។ ឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់នោះ ចំនួនពីរលើកជាប់ពាក់ព័ន្ធទៅនឹងយន្តហោះ និងនាវាយោធារបស់អាមេរិក ដោយនៅខែមីនា ឆ្នាំ១៩១៨ កប៉ាល់ដឹកជញ្ជូនធ្យូងថ្មរបស់យោធាអាមេរិកឈ្មោះ យូអេសអេស សាយខ្លូប្ស (USS Cyclops) ដែលធ្វើដំណើរពីប្រទេសប្រេស៉ីលមកកាន់ទីក្រុងបាល់ទីម័រ នៃរដ្ឋម៉ារីលែន បានបាត់ខ្លួននៅក្នុងតំបន់បឺរមូដាត្រាយអេងហ្គល។ លុះប្រមាណ ២៧ ឆ្នាំក្រោយមកទៀត យន្តហោះទម្លាក់គ្រាប់បែកមួយក្រុមបានបាត់ខ្លួនពេលហោះហើរលើតំបន់បឺរមូដត្រាយអេងហ្គល។ លុះដល់នៅឆ្នាំ១៩៧៤ អ្នកនិពន្ធម្នាក់ទៀតឈ្មោះ ឆាល្លី បឺរលីតហ្ស៍ (Charles Berlitz) បានធ្វើឱ្យតំបន់បឺរមូដាត្រាយអេងហ្គលកាន់តែល្បីរន្ទឺសុះសាយ តាមរយៈការចេញផ្សាយសៀវភៅរបស់លោកហៅថា The Bermuda Triangle។ រហូតដល់ឆ្នាំ២០១៣ អង្គការ World Wildlife Fund (WWF) បានបើកការសិក្សាស្រាវជ្រាវយ៉ាងស៉ីជម្រៅបំផុតមួយទាក់ទងនឹងផ្លូវដឹកជញ្ជូនតាមមហាសមុទ្រ ហើយបានកំណត់ថាតំបន់បឺរមូដាត្រាយអេងហ្គលមិនមែនជាតំបន់មរណៈ ឬតំបន់មជ្ជុរាជអ្វីឡើយ ហើយវាក៏មិនស្ថិតនៅក្នុងចំណោមតំបន់ផ្លូវទឹកគ្រោះថ្នាក់បំផុតទាំង ១០ ផងដែរ។ សូមជម្រាបថា នាពេលបច្ចុប្បន្ន តំបន់បឺរមូដាត្រាយអេងហ្គលនៅតែមានការធ្វើចរាចរណ៍យ៉ាងមមាញឹកជារៀងរាល់ថ្ងៃ ទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវអាកាស៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...