Friday, August 23, 2019

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ខេត្តតាកែវ

(តាកែវ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលកងម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ និងការកសាងស្តាររាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ជាពិសេសការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ និងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បម្រើឱ្យការងារអភិវឌ្ឍទាំងនេះ។ សមិទ្ធផលការងារខាងលើនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងនាមកងយោធពលខេមរភូមិន្ទ ជាមួយនឹងប្រតិបត្តិករផ្សេងទៀត នៅក្នុងកិច្ចសហការបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដែលកំពុងប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញបោសម្អាតមីនឆ្នាំ២០១៩ ជំនាន់ទី១៣៧ ពិតជាបានជាឆ្លើយតប ទៅនឹងសំណូមពរភារកិច្ចជំនាញ ចំពោះមុខរបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ព្រមទាំងបណ្តាកងឯកភាពពាក់ព័ន្ធ នៅក្នុងការងារបោសសម្អាតមីន ដោយក្នុងនោះសិក្ខាកាម ទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលចាំបាច់បម្រើឱ្យការងារនេះ។ ទន្ទឹមគ្នាជាមួយនឹងការអប់រំចិត្តសាស្ត្រ ដល់យោធិនគ្រប់រូប ឱ្យមានមនសិកាវិជ្ជាជីវៈ គោរពច្បាប់វិន័យកងទ័ព យល់ដឹងសភាពការណ៍ថ្មីៗ ជាពិសេសការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។ លោកបន្ថែមទៀតថា ការងារដែលកងកម្លាំងវិស្វកម្ម បានបំពេញគឺសំខាន់ណាស់ បម្រើដល់វិស័យស៊ីវិល និងវិស័យកងទ័ពដើម្បីប្រយោជន៍ជាតិទាំងមូល។ ដូច្នេះទាមទារឱ្យមានជំនាញច្បាស់លាស់ ហ្មត់ចត់ មានសមត្ថភាព និងមានការហ្វឹកហ្វឺនជាប់ជាប្រចាំ។ លើសពីនេះប្រសិទ្ធភាពសម្ភារ គឺសំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។ លោកសំណូមពរឲ្យសហការបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈតាមជំហ៊ាន។ បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះនិវត្តន៍ជន អតីតយុទ្ធជនដែលជាកងកម្លាំងប្រដាប់អាវុធ រួមមាននគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងកងកម្លាំងបោសសម្អាតមីន (CMAC)ផងដែរ។ លើសពីនេះ ដើម្បីកំណែទម្រង់និងប្រសិទ្ធភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ នៅក្នុងការបំពេញទ័ពជំនាញ និងមន្រ្តីនៅតាមស្ថាប័នផ្សេងទៀត ដែលចាំបាច់បំផុត និងប្រើប្រាស់ឲ្យអស់លទ្ធភាព នឹងធ្វើការឲ្យចំជំនាញ ដើម្បីដើម្បីប្រសិទ្ធភាពការងារ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...