បើខ្ញុំមិនច្រឡំទេ ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា កន្លងមកការប្រកាសថាវិលស្រុកវិញនៅថ្ងៃនេះថ្ងៃនោះ ខែនេះខែនោះ មិនបញ្ជាក់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ គឺជាចេតនារបស់ខ្លួនធ្វើឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាភ័យព្រួយ ស្លន់ស្លោរ វិលវល់ និងថា ធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មានបញ្ហាស្មារតី និងខួរក្បាល ជាដើម។ ទណ្ឌិតរូបនេះនៅបានអះអាងទៀតថា នេះជាយុទ្ធសាស្ត្រ យុទ្ធវិធី ដែលមិនអាចប្រាប់កាលបរិច្ឆេទច្បាស់លាស់ជាសាធារណៈបានឡើយ។ ក៏ប៉ុន្តែ រំលងបាន ៣ថ្ងៃ គឺនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បែរជាប្រកាសត្រឡប់ក្រោយ ១៨០ដឺក្រេ ថា ខ្លួននឹងវិលចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺចំថ្ងៃបុណ្យទិវាឯករាជ្យជាតិលើកទី៦៦ ដែលកម្ពុជាដណ្តើមបានពីអាណានិគមនិយមបារាំង ក្រោមការដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ។
ការប្រកាសត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតរបស់ទណ្ឌិតរូបនេះ មិនមែនជារឿងថ្មីដែលបង្កការភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅនោះឡើយ ដោយសារថា គ្មានអ្នកណាម្នាក់មានជំនឿជឿជាក់ថា ទណ្ឌិតរត់ចោលគុក នៅសុខៗស្រាប់តែចង់ចូលគុកដេកលេង ឬចាត់ទុកគុក ជាវីឡាស្កឹមស្កៃ ជាជម្រកដ៏សុខសាន្តនៃជីវិតចុងក្រោយ ក្រៅតែពីសកម្មជនផ្កាប់មុខមួយតំបរស្វារបស់ខ្លួនប៉ុណ្ណោះ។
មានមូលហេតុមួយចំនួន ដែលខ្ញុំសាកល្បងឆ្លើយត្រួសៗជុំវិញការប្រកាសរបស់ទណ្ឌិត សម រង្ស៊ី ដាក់កាលបរិច្ឆេទវិលចូលស្រុក៖
ទី១.ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត បុគ្គលិកក្រុមហ៊ុន។ល។ ទំនងជាទណ្ឌិតយល់ច្រឡំថា ថ្ងៃនោះគេឈប់សម្រាកអស់ហើយ ដូច្នេះនឹងគ្មានអ្នកណាមានពេលទំនេរទៅចាប់រូបគាត់ទេ នៅពេលដែលខ្លួនវិលចូលស្រុកវិញ។ ហើយគាត់អាចគិតទៀតថា ថ្ងៃនោះជាថ្ងៃឈប់សម្រាក ហើយគេនឹងទៅទទួលរូបគាត់ច្រើនកុះករជាមិនខាន ដោយសារថា ថ្ងៃទី៩វិច្ឆិកា បុណ្យឯករាជ្យជាតិ និងថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលសរុបថ្ងៃឈប់សម្រាក ៤ថ្ងៃជាប់ៗគ្នា។ ក៏ប៉ុន្តែការគិតដូច្នេះ គឺវាខុសស្រឡះតែម្តង ព្រោះអាជ្ញាធរមានសមត្ថកិច្ចបានប្រកាសហើយថា នឹងអនុវត្តដីការបស់តុលាការក្នុងការដាក់ខ្នោះ និងនាំខ្លួនទណ្ឌិត សម រង្ស៊ី បញ្ចូលគុកភ្លាមៗបើហ៊ានជាន់ដីខ្មែរ ទោះជារូបគាត់មកតាមផ្លូវណាក៏ដោយ មិនថា ផ្លូវគោក ផ្លូវអាកាស ឬផ្លូវទឹកឡើយ។ ម្យ៉ាងទៀត ប្រសិនបើមានបរទេសហែរហមមក គឺចាប់តែទណ្ឌិត សម រង្ស៊ី និងអ្នកដែលមានដីការបស់តុលាការឲ្យចាប់ខ្លួនប៉ុណ្ណោះ ដោយឡែកជនបរទេសដែលហែរហមមក គឺសមត្ថកិច្ចនឹងនាំពួកគេទៅសម្រាកនៅសណ្ឋាគារប្រណិតលំដាប់ផ្កាយ ហើយឲ្យពួកគេធ្វើទេសចរណ៍តាមរមណីយដ្ឋាននានា ដើម្បីបានមើលឃើញជាក់ស្តែងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ឬកម្ពុជាពិត មិនមែនកម្ពុជាក្លែងក្លាយក្នុងទស្សនៈ ឬក្នុងសារព័ត៌មានរបស់ក្រុមប្រឆាំងទេ។
ទី២.គំនិតចង់វិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺវាខុសគ្នាពីស្ថានភាពដែលគាត់វិលចូលស្រុកវិញកាលពីឆ្នាំ២០១៣។ ការវិលចូលស្រុកវិញហិតដីរបស់ សម រង្ស៊ី កាលពីឆ្នាំ២០១៣ គឺបន្ទាប់ពីទទួលបានភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីស្នើសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់ទណ្ឌិតរូបនេះ។ ស្ថានភាពឆ្នាំ២០១៣ ដែលកាលណោះ ទណ្ឌិត សម រង្ស៊ី ក្នុងនាមជាប្រធានស្របច្បាប់អតីតបក្សប្រឆាំង ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣។ ចុះពេលនេះ ទណ្ឌិតមកស្រុកក្នុងនាមជាអ្វីដែរ បើវិលមកវិញក្នុងនាមជាប្រធានស្តីទីបក្សប្រឆាំង ក៏មិនត្រូវ ព្រោះបក្សត្រូវបានតុលាការកំពូលរំលាយចោលហើយ។ បើដូច្នេះ មានតែការវិលមកវិញក្នុងនាមជាមេឧទ្ទាមចលនាប្រឆាំងក្រៅច្បាប់ ហើយការវិលចូលស្រុកវិញនៅពេលនេះ គឺគ្មានអ្វីក្រៅពីការបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងធ្វើឲ្យសង្គមជាតិចលាចល ដែលអាជ្ញាធរមានសមត្ថកិច្ច ទោះក្នុងតម្លៃណាក៏ដោយ នឹងវិធានការដ៏ម៉ឺងម៉ាត់ ទប់ស្កាត់ ដើម្បីការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេស។
ទី៣.ការប្រកាសវិលចូលស្រុកវិញ គឺគ្រាន់តែជាចេតនាចង់ស្ទង់មើលកម្លាំងគាំទ្រ។ ម្យ៉ាងក៏ជាចេតនាចិញ្ចឹមចលនាប្រឆាំង និងផ្តល់ក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមដល់សកម្មជនរបស់ខ្លួននៅក្នុងស្រុក ដែលនៅសេសសល់តិចតួចបំផុត។ គួរកត់សម្គាល់ថា អតីតសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាននាពេលនេះ បានថយចុះ ឬស្ទើរតែបាត់បង់អស់ទៅហើយ ពីព្រោះពួកគេភាគច្រើនបានបាត់បង់ជំនឿលើមេដឹកនាំបក្សខ្មោច និងមានអារម្មណ៍ថា ខ្លួនបានចាញ់បោកទណ្ឌិតរត់ចោលស្រុក ដែលញុះញង់ពួកគេឲ្យធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បន្ថែមពីលើនេះ ឯកសារក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី លួចចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា យួនដេហ្គា ក្នុងការកាត់ទឹកដីកម្ពុជា ៤ខេត្ត នៅភាគឦសានប្រទេស ដែលមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ទៅឲ្យជនជាតិយួនដេហ្គា ត្រូវបានទម្លាយជាសាធារណៈ ដែលធ្វើឲ្យពួកគេមិនអាចទទួលយកបានពីសណ្តានក្បត់ជាតិតត្រកូលរបស់ សម រង្ស៊ី។
ទី៤.ការប្រកាសវិលចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់តែជាឡប់ឡែបិទបាំងនូវមុខរបរដ៏កាក់កបក្នុងការរៃអង្គាសប្រមូលលុយពីអ្នកគាំទ្រនៅក្រៅស្រុក មកធ្វើមានបាន ស៊ីចាយ ដើរហើរដោយសេរី ជិះយន្តហោះទៅប្រទេសនេះ ប្រទេសនោះ ស្នាក់នៅសណ្ឋាគារប្រណិតៗ និងអ្នកខ្លះមានលុយលេងល្បែងរាល់ថ្ងៃក្នុងកាស៊ីណូថែមទៀត ឧទាហរណ៍ជាក់ស្តែង គឺ អេង ឆៃអ៊ាង មានរហ័សនាមថា បុរសញៀនល្បែង ដែលលេងល្បែងក្នុងស្រុកមិនអស់ចិត្ត ទៅលេងល្បែងនៅក្រៅស្រុកថែមទៀតក្នុងពេលដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស។ល។ ជាក់ស្តែងនៅក្នុងកម្មវិធីជួបជុំម្តងៗ តែងមានហិបប្រាក់មូលនិធិជានិច្ច ឬគេតែងនិយាយថា ទីណាមាន សម រង្ស៊ី ទីនោះមានហិបប្រាក់មូលនិធិ។ ការជួបជុំ និងធ្វើបាតុកម្មនានាក្រោមលេសប្រឆាំងរដ្ឋាភិបាលកម្ពុជាតែងភ្ជាប់ហិបប្រាក់មូលនិធិ។ ការពិតការធ្វើបាតុកម្មមិនមែនដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទេ ព្រោះវាអត់ប្រយោជន៍ តែជាការធ្វើបាតុកម្មដើម្បីរៃអង្គាសប្រមូលលុយទេតើ!
សរុបមកវិញទណ្ឌិត សម រង្ស៊ី នឹងគ្មានភាពក្លាហានហ៊ានដើរចូលគុក ដើម្បីសោយសុខក្នុងជីវិតចុងក្រោយរបស់ខ្លួនឡើយ។ ក៏ប៉ុន្តែការប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី៩វិច្ឆិកាខាងមុខនេះ គ្រាន់តែដើម្បីទាក់ទាញការចាប់អារម្មណ៍លើរូបខ្លួន ដែលអស់ប្រជាប្រិយទៅហើយក្នុងការប្រឆាំងនឹងរដ្ឋាភិបាល សូម្បីតែផ្ទៃក្នុងបក្សក៏ សម រង្ស៊ី មិនអាចផ្សះផ្សារបានផង កុំថាឡើយចង់ឡើងគ្រប់គ្រងប្រទេសតាមផែនការបដិវត្តន៍ពណ៌នោះ។ យ៉ាងណាក៏ដោយចុះ ឲ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ គឺច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។ សម្រាប់សមត្ថកិច្ចបាននិងកំពុងរង់ចាំ ហើយថ្ងៃដែលច្បាស់បំផុត គឺជាប់ខ្នោះ និងញាត់ចូលគុកតែម្តង ពីព្រោះប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕
ដោយ៖ សុខ សុវណ្ណ
0 comments