Wednesday, August 7, 2019

ព្រឹកថ្ងៃនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ កម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកប្រធានាធិបតីស្រីលង្កា ក៏នឹងអញ្ជើញជាអធិបតីរួមគ្នាក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កាផងដែរ ដើម្បីបើកឱកាស និងពង្រីកការវិនិយោគ ក៏ដូចជាពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់ធំធាត់ថែមទៀត។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងដែរថា ក្នុងកំលុងពេលស្នាក់នៅប្រទេសកម្ពុជា ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន ១០ដើម ពីលោកប្រធានាធិបតី ។ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។ ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...