Tuesday, April 16, 2019

សម្តេចតេជោ ហ៊ុន សែន រម្លឹករឿងឈឺចាប់ ដោយការបាត់បង់កែវភ្នែកខាងឆ្វេង អំឡុងតស៊ូក្នុងសង្រ្គាម ថ្ងៃ១៦មេសា កាលពី៤៤ឆ្នាំមុន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ បានរម្លឹករឿងដ៏គួរឱ្យឈឺចាប់មួយ ដោយសារតែសម្តេចបានបាត់បង់នូវកែវភ្នែកខាងឆ្វេង អំឡុងពេលតស៊ូក្នុងសម័យសង្រ្គាម នាថ្ងៃទី១៦ ខែមេសា កាលពី៤៤ឆ្នាំមុន។ នៅលើបណ្តាញងសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ថ្ងៃ១៦មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹងមិនមានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក) ទៀតទេ ព្រោះខ្ញុំខ្លួនឯងបានបាត់បង់ប្រស្រីភ្នែកឆ្វេងរួចទៅហើយ»។ សម្តេចបានបន្តទៀតថា៖ «ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង ខ្លះពិការភ្នែក។ល។»។ ឆ្លៀតក្នុងឱកាសឆ្នាំថ្មី សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានរម្លឹកឱ្យជនរួមជាតិ ជួយការពារសន្តិភាពរបស់ប្រទេសកម្ពុជា ដែលយុវជនជំនាន់មុនខិតខំរកបានដោយលំបាក ហើយត្រូវការពារកុំឱ្យសង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត។ សម្តេចបានពោលថា «លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ)៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...