នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា កម្ពស់ទឹកនៅឆ្នាំនេះមិនខ្ពស់ពេក មិនទាបពេកល្មមប្រារព្ធព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ ហើយលោកក៏បានជូនពរដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិទាំងឡាយបានរីករាយបុណ្យអុំទូកជាមួយគ្នា និងសូមទទួលបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ។ ជាងនេះទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចែករំលែកនូវមេរៀនជីវិត និងការដឹកនាំរបស់លោកឱ្យយុវជនជំនាន់ក្រោយដើម្បីឱ្យពួកគេមានចក្ខុវិស័យ និងគោលដៅជីវិតច្បាស់លាស់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្តទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ! ស្អែកនេះជាថ្ងៃបុណ្យអុំទូកហើយ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអុំទូកនៅខែទឹកស្រក ហើយយើងអុំពីខាងស្ពានជ្រោយចង្វារ មកវេទិកានៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី?
តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក » នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើប ក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជ...។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា «ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។ មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង៖
- ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន?
- ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាត ចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្កើតឱកាស។ បើរុញទូកបណ្ដោយទឹកពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនេះ ទូកនឹងលិច។
ចំពោះកត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ។ លោកបានបន្តថា មានក្មួយៗចៅៗ មួយចំនួនបានសម្រេចចិត្តចាប់យកមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈខ្លះតាមរបៀបរុញទូកបណ្ដោយទឹក តែមិនកាន់ចង្កូតទេ ព្រោះខ្លួនឯងផ្ទាល់មិនដឹងគោលដៅផង។ ត្រង់ចំណុចនេះ សូមក្មួយៗចៅៗចេះរៀបចំកម្មវិធីជីវិតរបស់ខ្លួនឯងមួយ ដោយកសាងសុបិន្តសម្រាប់អនាគតរបស់ខ្លួនដែលពោរពេញដោយភាពប្រាកដនិយម។ លោកបានបន្ថែមថា ចៅៗក្មួយៗអាចសរសេរ ផុសជា comment នៅទីនេះ សម្រាប់ចៅផ្ទាល់ ជាត្រីវិស័យរបស់ខ្លួន។ ការដែលចៅៗក្មួយៗមានគោលដៅជាក់លាក់ក្នុងជីវិត នោះនឹងធ្វើឱ្យទូកទាំងឡាយក្នុងសង្គមយើងអុំឬចែវទៅរកវឌ្ឍនភាពពិតៗ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងជីវិតនយោបាយរបស់លោក គឺលោកបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយលោកតាំងពីសម័យសង្គ្រាម។ លោកបានរំលឹកថា ប៉ុន្តែ ក្មួយៗចៅៗត្រូវចាំមួយថា «កុំដេកសមដួល រមួលសមគ្រិច» ហើយឆ្លើយថា យកមេរៀនពីរឿងរុញទូកបណ្ដោយទឹក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចនូវចំណុច២ដែលត្រូវចងចាំឱ្យច្បាស់ដូចជា៖
-ចំណុចទី១ ចៅៗក្មួយៗខ្លះ អាចនៅមិនទាន់មានជីវភាពធូធារ បែរជាមិនខំរៀន និងរកស៊ីធ្វើការ អាងតែស្រែកថាខ្លួនក្រមកពីកើតពីឱពុកម្តាយក្រ រួចរុញទូកបណ្ដោយទឹកទៅ។
-ចំណុចទី២ បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ។ ត្រង់ចំណុចនេះ សូមជនរួមជាតិ និងមិត្តអន្តរជាតិយល់ឱ្យបានច្បាស់។ ក្មួយៗ ចៅៗ អាចចងក្រងទុកជាមេរៀនជីវិតចុះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិ និងភ្ញៀវអន្តរជាតិទាំងឡាយបានរីករាយបុណ្យអុំទូកជាមួយគ្នា និងសូមទទួលបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ៕
0 comments