Saturday, October 6, 2018

នៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នេះ ធ្វើឡើងពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។ អញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំ គាល់ព្រះចៅអធិរាជជប៉ុនផងដែរ។ ក្រសួងការបរទេសបានឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសា ស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារការងារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំដោយក្រុមធុរកិច្ច និងចូលរួមក្នុងវេទិកាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។ នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុកដាក់រួមនៃកិច្ចសហ​ប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ លោក នឹងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៉ីរ៉ូយូគី អ៉ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៉ី (Mitsui Co., Ltd) និងលោក យូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ ឧស្សា ហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ។ សូមបញ្ជាក់ថា មេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហ​ប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុងCebu ប្រទេសហ្វីលីពីន។ ក្នុងកិច្ចប្រជុំនោះ បានប្រកាសឱ្យមាន «កម្មវិធីភាពជាដៃគូនៃតំបន់ជប៉ុន-មេគង្គ» ដែលជាជំហានដំបូងឈានទៅបង្កើតឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១ នៅឆ្នាំ២០០៨ នៅទីក្រុងតូក្យូ ដែលមានជប៉ុន កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ជាសមាជិក។​ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថេរភាពជានិរន្តរ៍នៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្តទៅជារៀងរាល់ ០១ឆ្នាំម្ដង ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងឆ្លាស់ទៅធ្វើនៅប្រទេសជប៉ុន រៀងរាល់ ០៣ឆ្នាំម្ដង ដើម្បីរៀបចំយុទ្ធសាស្រ្តក្រុងតូក្យូថ្មី។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានធ្វើឡើងចំនួន ៩ដងហើយគិតចាប់តាំងពីឆ្នាំ២០០៩មក។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់រយៈ៩ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការមួយនេះ បានធ្វើឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសជាសមាជិក ហើយក៏បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាសមាជិកឲ្យរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...