Saturday, October 6, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ពីថ្ងៃទី៦ ដល់ថ្ងៃទី១០តុលា ឆ្នាំ២០១៨។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ កាលពីវេលាម៉ោង ១៧និង៤០នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៣និង៤០នាទីម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោក ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហូរី ណូឈិះ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងលោកស្រី ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុនជាច្រើនរូប។ សូមបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ម៉ាសាហ៊ីរ៉ូអ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគីអ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាននិងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ៊្វូមីអាគីតាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោកណូប៊ូអាគីគីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៉ី (Mitsui Co., Ltd) និងលោកយូស៊ីហ៊ីសាកៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែររួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។ លោក ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុន មុនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅថ្ងៃទី៩តុលាដែលបណ្តាមេដឹកនាំ នៃប្រទេសមេគង្គ ជប៉ុន និងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មីសំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាពនិងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គនិងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...