Tuesday, September 11, 2018

ក្រុមហ៊ុន HUAWAI មានបំណងបន្តវិនិយោគលើបច្ចេកវិទ្យានៅកម្ពុជារយៈពេលវែង រួមទាំងការរៀបចំខ្សែកាបអុបទិកក្រោមបាតសមុទ្រ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ លោក វូ វ៉េតៅ (Wu weitao) បានមានប្រសាសន៍ជំរាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពសន្តិសុខអ៊ីនធើណែត (Internet security)។ គួរបញ្ជាក់ថា ក្រុមហ៊ុន HUAWAI មានវត្តមានក្នុងប្រទេសកម្ពុជាអស់រយៈពេល១៩ឆ្នាំមកហើយ ហើយក្រុមហ៊ុននេះបានបណ្តុះបណ្តាល និងផ្តល់ការងារដល់បុគ្គលិកខ្មែរក្នុងស្រុកជាងមួយពាន់នាក់ ដែលមានប្រាក់ខែចាប់ពី១ពាន់ដុល្លារឡើងទៅ។ ក្រុមហ៊ុន HUAWAI មានបំណងបន្តវិនិយោគលើបច្ចេកវិទ្យានៅក្នុងកម្ពុជារយៈពេលវែង គឺរួមទាំងការរៀបចំខ្សែកាបអុបទិកក្រោមបាតសមុទ្រជាដើម។ លោក វូ វ៉េតៅ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាគឺជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ដល់បុគ្គលិក ដែលសុំអោយរាជរដ្ឋាភិបាលគាំទ្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាលធនធានមនុស្ស អំពីជំនាញបច្ចេវិទ្យាដែលកំពុងជួយដល់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រអំពីការវិនិយោគលើផ្នែកបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងនេះ គឺត្រូវមានវិធានការគ្រប់គ្រងអោយបានល្អ ជាពិសេសការបង្ហោះព័ត៌មានមិនពិត ដែលបានប៉ះពាល់ដល់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការព្រួយបារម្ភរបស់ពិភពលោកផងដែរ។ នៅក្នុងជំនួបនេះដែរ ដោយមើលឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកអំពីគ្រោះទឹកជំនន់ ក្រុមហ៊ុនបានធ្វើអំណោយទឹកប្រាក់ ១០ម៉ឺនដុល្លារជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសកម្មភាពមនុស្សធម៌៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...