Thursday, September 27, 2018

ទស្សនៈមិត្តអ្នកអាន៖ ចិន ជាប្រទេសរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគឈានមុខគេ

គិតពីឆ្នាំ១៩៥៥ មកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន បានឈានដល់ដំណាក់កាលជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនេះ បានជំរុញឲ្យកម្ពុជាមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាក្នុងវិស័យវិនិយោគទុន ពាណិជ្ជកម្ម ទេសចរណ៍ រួមនឹងការផ្តល់ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ជាដើម ដែលបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងរបស់ប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៥៥៧៧ លានដុល្លារឤមេរិក កើនឡើងជាង ២១.៧% បើធៀបនឹងឆ្នាំ២០១៦។ ទំហំវិនិយោគចិនសរុបនៅកម្ពុជាក្នុងឆ្នាំ២០១៧ បានឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីបណ្តាប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១៦៤៤ លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦០០០ លានដុល្លារឤមេរិកនៅឆ្នាំ២០២០។ ចំពោះវិស័យទេសចរណ៍មានក្រុមហ៊ុនឤកាសចរណ៍ចំនួន១៥ កំពុងធ្វើប្រតិបត្តិការហោះហើរជាទៀងទាត់រវាងកម្ពុជា និងចិន។ នៅឆ្នាំ២០១៧ ទេសចរចិនមានប្រមាណ ១.២ លាននាក់ ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ១.៧ លាននាក់ ដែលក្នុងនោះ ទេសចរចិនមានចំនួនជាង ៥០ ម៉ឺននាក់។ ដោយឡែកក្នុងវិស័យវាយនភណ្ឌកាត់ដេរ គិតត្រឹមដំណាច់ឆ្នាំ២០១៧ មានរោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១១៥៤ គ្រឹះស្ថាន ភាគច្រើនវិនិយោគដោយក្រុមហ៊ុនចិន គឺបានកើនឡើង ៤.២៥% និងបានផ្តល់ការងារជូនកម្មករនិយោជិតជាង ៧៧ម៉ឺននាក់ កើនឡើង ៤.៤២% (ស្រីជិត ៦៤ម៉ឺននាក់) ធៀបនឹងឆ្នាំ២០១៦។ តម្លៃសរុបនៃការនាំចេញផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងឆ្នាំ២០១៧ មានប្រមាណជាង ៧.៦ ពាន់លានដុល្លារអាមេរិក។ តាមរយៈការវិនិយោគ និងការផ្តល់ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ របស់ប្រទេសចិនមកកាន់កម្ពុជានេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថា ចិន ជាប្រទេសគំរូមួយសម្រាប់បណ្តាប្រទេសនានាមកវិនិយោគបណ្តាក់ទុនរកស៊ី គួបផ្សំទៅនឹងកម្ពុជាបានផ្តល់ និងបើកឱកាសដ៏ទូលាយសម្រាប់វិនិយោគិនបរទេស។ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាគ្រឹះក្នុងការអភិវឌ្ឍ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលព្យាករណ៍ដោយធនាគារធំៗលើពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ដែលធានាដល់ការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ បើតាមអ្នកជំនាញផ្នែកអចលនទ្រព្យបានឲ្យដឹងថា វត្តមានរបស់អ្នកវិនិយោគចិននៅកម្ពុជា ជារឿងគួរអបអរសាទរ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយការមកវិនិយោគកាន់តែច្រើនកាន់តែល្អ។ បើមានការវិនិយោគលើវិស័យខុនដូវិញ ពួកគេអាចសាងសង់ចាប់ពី ៥០ ទៅ ១០០ អាគារបន្ថែមទៀតក៏បាន ព្រោះពួកគេសាងសង់នៅលើដីខ្មែរ ពួកគេមិនលើកទៅណាទេ គឺអាគារនៅលើដីខ្មែរ។ ម្យ៉ាងទៀត ដីចិនទិញក៏នៅលើដីខ្មែរ ពួកគេមិនអាចលើកទៅណាបាននោះឡើយ។ ការវិនិយោគកាន់តែច្រើន នឹងជួយបង្កើននូវកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។ អ្នកវិនិយោគអន្តរជាតិ មុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសម្លឹងមើលលើកត្តាសំខាន់ៗមួយចំនួនដូចជា សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមរយៈពេលវែង កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសណាមួយនោះ និងប្រព័ន្ធច្បាប់របស់ប្រទេសនោះ ថាតើមានការលើកទឹកចិត្ត និងមានការការពារដល់អ្នកវិនិយោគឬអត់? កម្ពុជាមានកត្តាសំខាន់ៗខាងលើនេះ ទើបធ្វើឲ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនឡើង ហើយកម្ពុជាបានក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ៕ ដោយ៖ សុខ សុវណ្ណ
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...