Thursday, September 27, 2018

ទស្សនៈមិត្តអ្នកអាន៖ អ្នកវិភាគ មុជមិនជ្រៅទៅមិនឆ្ងាយ

ក្នុងន័យមនុស្សធម៌និងក្នុងនាមជាខ្មែរដូចគ្នា និងផ្អែកលើបញ្ហាសុខភាពផងនោះលោក កឹម សុខា ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែមិនមែនមានន័យថា លោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញនោះទេ។ ដូច្នេះហើយ ទើបលោក កឹម សុខា ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំដោយស្នាក់នៅក្នុងគេហដ្ឋានរបស់លោក ប៉ុន្តែត្រូវស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការជំនួសឱ្យការឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ និង ដើម្បីធានាថាលោក កឹម សុខា នឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ។ ប្រការនេះបែរជាត្រូវក្រុមអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនមានការយល់ច្រឡំ និងធ្វើការវិភាគរបៀប«មុជមិនជ្រៅទៅមិនឆ្ងាយ»ទៅវិញ។ ក្នុងនោះលោក អៀ សុផល ដែលបានអួតខ្លួនថាជាអ្នកជំនាញវិភាគខាងគោលនយោបាយនោះ បែរទៅជាយល់ច្រឡំថាការដាក់កម្លាំងយាមកាមផ្ទះលោក កឹម សុខា ជាការប្រើប្រាស់ថវិការបស់អ្នកបង់ពន្ធជូនរដ្ឋដោយឥតប្រយោជន៍ ឬជាសញ្ញាបង្ហាញពីភាពអសន្តិសុខ នៅក្នុងសង្គមទៅវិញ។ លោក អៀ សុផល ត្រូវមើលឱ្យឃើញអំពីសំណូមពរ និងសំណើរបស់លោក កឹម សុខា នៅពេលគាត់ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំនោះ។ គេនៅចាំបានថា នៅពេលដែលលោក កឹម សុខា ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គាត់បានសរសេរលិខិតដោយផ្ទាល់ដៃរបស់គាត់ស្នើសុំឱ្យមានការការពារសុវត្ថិភាពជូនគាត់ ទាំងរាងកាយនិងអាយុជីវិត។ ប្រការនេះបានសបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា ប្រាកដជាដឹងថាលោកនឹងអាចជួបហានិភ័យខ្ពស់ ដោយសារតែនៅផ្ទៃក្នុងអតីតបក្សប្រឆាំងកំពុងតែមាននិន្នាការដណ្តើមអំណាចជាមេដឹកនាំក្រុមប្រឆាំងមកវិញពីលោក សម រង្ស៊ី។ ដូច្នេះហើយវត្តមានរបស់លោក កឹម សុខា គឺជាបន្លានៅក្នុងកែវភ្នែករបស់លោក សម រង្ស៊ី គឺជាឆ្អឹងទទឹងកសម្រាប់ដំណើរឈានទៅរកការកាន់កាប់តំណែងជាមេដឹកនាំក្រុមប្រឆាំងជាថ្មីរបស់លោក សម រង្ស៊ី។ យ៉ាងណាមិញ «ល្បិចពាលស៊ីពាល» មកលើលោក កឹម សុខា ក៏អាចនឹងកើតមានដែរ ហើយចុងក្រោយជនបាតដៃទីបីនឹងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ លោក អៀ សុផល គប្បីមើលឱ្យឃើញជុំវិញការប៉ុនប៉ងកាន់កាប់តំណែងជាថ្មីរបស់លោក សម រង្ស៊ី។ ការដោះលែងឱ្យនៅក្រៅឃុំរបស់លោក កឹម សុខា និងការលើកលែងទោសដល់សកម្មជន អតីតគណបក្សសង្រ្គោះជាតិ កន្លងមក គឺបានធ្វើឱ្យលោក សម រង្ស៉ី ព្រួយបារម្ភ និងខាតបង់ប្រយោជន៍ជាច្រើន ដោយសារគាត់បានបាត់បង់នូវហេតុផលសម្រាប់ធ្វើនយោបាយបញ្ចុះបញ្ចូលបរទេស ហើយបាត់បង់ឱកាស ដើម្បីឡើងធ្វើជាមេដឹកនាំ ក្រុមប្រឆាំងឡើងវិញ។ តើអ្វីទៅដែលលោក សម រង្ស៉ី ត្រូវបាត់បង់ពីការណ៍ដែលលោក កឹម សុខា ត្រូវបានចេញមកនៅក្រៅឃុំនោះ? បើមើលសើរៗ គេឃើញហាក់ដូចលោក សម រង្ស៉ី សប្បាយចិត្តណាស់ ប៉ុន្តែសម្រាប់អ្នកតាមដានហេតុការណ៍នយោបាយនៅកម្ពុជា ការលេចមុខជាថ្មីរបស់លោក កឹម សុខា គឺជាគ្រោះនយោបាយដ៏ធំរបស់លោក សម រង្ស៊ី ទៅវិញទេ។ គ្រោះធំនោះគឺថិតនៅត្រង់ថា នៅពេលដែលលោក សម រង្ស៉ី កំពុងខិតខំតាំងខ្លួនជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយយកលេសថាលោក កឹម សុខា កំពុងជាប់នៅក្នុងពន្ធនាគារ បែរជាលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតិឱ្យនៅក្រៅឃុំជាបណ្ណោះអាសន្នទៅវិញ។ ដូច្នេះហើយ ការចេញមកក្រៅឃុំរបស់លោក កឹម សុខា អាចចាត់ទុកថា ជារឿងល្អមួយ ប៉ុន្តែរឿងអាក្រក់គឺអាចកើតមានក្នុងពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ការប្រមែរប្រមូលគ្នាមកជួបលោក កឹម សុខា នៅផ្ទះគឺជាសញ្ញាផ្តល់គ្រោះថ្នាក់ដល់លោក កឹម សុខា ទៅវិញទេ។ ដូចនេះការណ៍ដែល លោកកឹម សុខា សំងំនៅក្នុងផ្ទះក៏ជាផ្នែកមួយ ដើម្បីធានាសុវត្ថិភាពខ្លួនគាត់ផងដែរ ដើម្បីជៀសវាង ក្រុមបាតដៃទីបី និងល្បិច «ស្វាស៊ីបាយរួច លាបមាត់ពពែ»។ ដូច្នេះហើយ ការដាក់កម្លាំងសមត្ថកិច្ចយាមកាមនៅក្បែរផ្ទះ និងហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ ឬការចូលសួរសុខទុកលោក កឹម សុខា គឺជាវិធានការការពារដ៏ម៉ត់ចត់តាមសំណើរបស់លោក កឹម សុខា ផង និងបញ្ចៀសនូវល្បិចកលរបស់ក្រុមជនបាតដៃទីបី ដែលអាចបន្លំខ្លួនចូលទៅសម្លាប់លោក កឹម សុខា ផងទៅវិញទេ។ សូមអ្នកជំនាញវិភាគខាងគោលនយោបាយ អៀ សុផល មើលឱ្យឃើញអំពីចំណុចវិជ្ជមានរបស់សមត្ថកិច្ចផង ហើយកុំចេះតែវិភាគយករឿងដែលអវិជ្ជមាន របៀបរិៈគន់ដោយគ្មានវិចារណៈញាណដែលក្រុមប្រឆាំងតែងបានអនុវត្តកន្លងមក និងតែងតែបរាជ័យរហូតនោះអី៕ ដោយ៖ សួន ចំរើន
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...