បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនរួចមក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួនដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។
ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ លោកនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយលោកផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិន ដែលមានវត្តមាននៅទីនេះ និងដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។
ជាមួយនឹងការលើកឡើងនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមាន ការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិនតាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
បន្ថែមពីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។ ឆ្លៀតនៃការថ្លែងសុន្ទរកថានោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕


0 comments