Credited: រស្មីកម្ពុជា:
ភ្នំពេញៈ លោកសោម សូលីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី១៣ ខែសីហា នេះថា ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងតរាស្ត្រ នីតិកាលទី៦ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ដដែល គឺមិនមានការលើកពេលនោះទេ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថា គ.ជ.ប. នឹងមិនប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា នោះទេ។
លោកសោម សូលីដា បានអះអាងថា សម្រាប់ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺនៅថ្ងៃទី១៥ ខែសីហា ដដែល។ បើពិនិត្យទៅលើគុណសម្បត្តិរបស់គណបក្សផ្សេងទៀត សម្រាប់ការប្តឹងទៅនិងលទ្ធផលបណ្តោះអាសន្ននេះ ពុំមានគណបក្សណាមួយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីប្តឹងទេ។ បើសិនជាមានពាក្យបណ្តឹងទាក់ទងទៅនិងការបដិសេធលទ្ធផលបណ្តោះអាសន្ន នោះគ.ជ.ប នឹងពិនិត្យមើលធាតុផ្សំពីរសំខាន់ ទី១.គឺត្រូវមានធាតុផ្សំមួយបង្ហាញថា តើមានការប្តឹងអំពីភាពមិនប្រក្រតីណាមួយនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលធ្វើឲ្យប៉ះពាល់លទ្ធផលនៃការបោះឆ្នោត ហើយពាក្យបណ្តឹងទាំងនោះបានប្តឹងមកគណៈកម្មាការឃុំ សង្កាត់ រៀបចំការបោះឆ្នោត រួចបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងប្តឹងទៅគ.ជ.ប បិទផ្លូវតវ៉ាមុននឹងការប្រកាសលទ្ធផលបណ្តោះអាសន្ន។ ទី២.ត្រូវរកឲ្យឃើញឬក៏មានភស្តុតាងបញ្ជាក់អំពីភាពមិនប្រក្រតីណាមួយដែលគណៈកម្មការថ្នាក់ណាមួយបានប្រព្រឹត្តខុសកាលបរិច្ឆេទ។
អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តថា ធាតុផ្សំទាំងពីរនេះ មិនអាចខ្វះធាតុផ្សំណាមួយបានទេ ហើយបើពិនិត្យទៅលើគុណសម្បត្តិរបស់គណបក្សដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ គឺពុំមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីប្តឹងទៅនិងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ៕
0 comments