Credited: រស្មីកម្ពុជា:
បន្ទាយមានជ័យៈគេទើបរកឃើញសិប្បកម្មកែច្នៃស្លអាគុយចាស់ ចម្រាញ់យកសំណដែលមានសារធាតុគីមីមេអាស៊ីដ អាចបង្កគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
ទីតាំងរោងសិប្បកម្មស្លរំលាយអាគុយចាស់ៗ មានសារធាតុមេអាស៊ីដស៊ុលហ្វរិចបំភាយដ៏គ្រោះថ្នាក់សុខភាពនោះ បានលួចលាក់ធ្វើឡើងនៅដីព្រៃរបោះជាយដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រឃុំស្លក្រាមស្រុកស្វាយចេក កៀកនឹងព្រំប្រទល់ឃុំអូរបីជាន់ស្រុកអូរេជ្រៅខេត្តបន្ទាយមានជ័យ ។វាបង្កើតឡើងច្រើនឆ្នាំហើយ ។
ប្រភពព័ត័មានខាងលើបានប្រាប់កាសែតរស្មីកម្ពូជាថ្ងៃទី១៤ខែសីហាថា : រោងសិប្បកម្មស្លរំលាយអាគុយចាស់ៗមានសារធាតុមេអាស៊ីដស៊ុលហ្វរិចបំភាយដ៏គ្រោះថ្នាក់សុខភាពនោះ គេធ្វើដើម្បីចម្រាញ់យកលោហះធាតុសំណ ហើយចាក់វាជាបន្ទះ។
អាគុយចាស់ៗនោះ គេលួចនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ។ឯផលិតផលបន្ទះសំណដែលស្លរំលាយអាគុយ ផលិតបានគេក៏នាំចេញខុសច្បាប់ទៅប្រទេសថៃវិញដែរនិងមួយចំនួនទៀតនាំទៅប្រទេសវៀតណាម តាមច្រកនៅខេត្តត្បូងឃ្មុំ។
ប្រភពច្បាស់ការណ៍អោយដឹងបន្តថា : ក្នុងសិប្បកម្មខុសច្បាប់ស្ថិតក្នុងបម្រាមអន្តរក្រសួងនោះ មានប្រើប្រាស់កម្មករប្រុសៗរាប់សិបនាក់។ ក្នុងនោះមានជនជាតិវៀតណាមជាងពាក់កណ្តាល។ កម្មករទាំងនោះត្រូវនាំចូលទៅធ្វើការនៅពេលយប់ ហើយដឹកចេញទៅវិញក៏ពេលយប់ដែរ ។កម្មករត្រូវបម្រើការយ៉ាងតិចរយ:ពេល៦ខែ ហើយមិនអាចចេញទៅវិញមុនកំណត់ទេ ។
យោងការសួរនាំមេការម្នាក់បាននិយាយថាម្ចាស់ទីតាំងសិប្បកម្មស្លរំលាយអាគុយចាស់ៗយកសំណមានម្ចាស់ជាជនជាតិខ្មែរនិងជនបរទេស ហើយមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចធំមាំណាស់ដែរ ជាខ្នងបង្អែក។មេការនោះនិយាយថា : ការស្លអាគុយនេះ មិនទៅប៉ះពាល់សុខភាពអីទេ ។ តែវាជួយរកការងារធ្វើអោយខ្មែរយើងតើ ។ ពេលធ្វើ បើខ្លាច យើងពាក់ម៉ាស់របាំងទៅ វាការពារបានហើយ។
លោក លី សុវណ្ណារឹទ្ធុ អភិបាលស្រុកអូរជ្រៅធ្លាប់ប្រាប់កាសែតរស្មីកម្ពុជាថា : ទីតាំងសិប្បកម្មនោះនៅកៀកនឹងព្រំប្រទល់ឃុំអូរបីជាន់ស្រុកអូរជ្រៅមែន ហើយលោកនិងមន្ត្រីក៏ធ្លាប់នៅមើលឃើញពីខាងក្រៅៗដែរ។ ប៉ុន្តែ វាមិនស្ថិតក្រោមសមត្ថកិច្ចខាងស្រុកលោកត្រូតពិនិត្យនោះទេ ។
ចំណែកលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ត្រូវមន្ត្រីស្រង់សំដីដែលនិយាយថា: អាជ្ញាធរស្រុកក្តាប់មិនទាន់បាននៅឡើយបើទោះបីជាទីតាំងនោះបានបង្កើតឡើងជាច្រើនខែមកហើយៗស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេកក្តី ។
ស្រដៀងគ្នាដែរ លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកក៏មិនអាចបំភ្លឺបាន។ ប៉ុន្តែ មន្ត្រីនគរបាលផ្សេងទៀតឱ្យដឹងថា : គេត្រូវចាំសុំបទបញ្ជានិងសហការនឹងសមត្ថកិច្ចពាក់ព័ន្ធ ហើយមានស្ថាប័នអយ្យការអមសាលាដំបូងខេត្តដឹកនាំ ទើបអាចចូលត្រួតពិនិត្យសិប្បកម្មស្លរំលាយអាគុយនោះបាន។
មន្ត្រីបរិស្ថានខេត្តបន្ទាយមានជ័យអោយដឹងថា: បើសិនជាក្នុងសិប្បកម្មនោះបានស្លរំលាយអាគុយចាស់ៗ បំភាយសារធាតុមេអាស៊ីដស៊ុកហ្វរិចនោះ វាជាសិប្បកម្មខុសច្បាប់ហើយ ព្រោះគ្មានច្បាប់ណាដែលអនុញ្ញាតិអោយបើកលើទឹកដីកម្ពជាឡើយ។
ទោះយ៉ាងណា សិប្បកម្មបែបនេះ ធ្លាប់លួចបើកក្រុងប៉ោយប៉ែត ហើយមានដល់សព្វថ្ងៃ ២ទីតាំង ។សារធាតុនេះបង្កប៉ះពាល់សុខភាពមនុស្ស សត្វនិងបរិស្ថានធ្ងន់ធ្ងរទាំងភ្លាមៗ ទាំងយូរអង្វែងតទៅទៀត៕


0 comments