Credited: រស្មីកម្ពុជា:
ភ្នំពេញៈសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា មានជំនួបមួយរវាងលោក មូល សារិទ្ធី អគ្គលេខាធិការ និងជាតំណាងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ លោក យ៉ុង ម៉ាឡា(Ung Malar )មកពីស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍន៍(SBK)ជួបពិភាក្សាស្តីពីគម្រោងអភិវឌ្ឍន៍វិស័យស្រូវអង្ករ(Rice Sector Development Program) ក្រោមប្រភពទុនពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ជំនួបនេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ។
ប្រភពដដែលបន្តថាតាមរយៈការបង្ហាញរបស់លោក Ung Malar កន្លងមកគម្រោងនេះបានសិក្សានៅលើខេត្តចំនួនបីរួមមានខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន៩០ (ក្នុងមួយខេត្ត៣០ភូមិ) និងមានប្រព័ន្ធស្រោចស្របដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់១០.៣០០ហិកតាដោយបានសហការជាមួយក្រសួងមួយចំនួន ដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើផែនការក្សេត្តបរិស្ថាន ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី ជាដើម។ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋាន ជាដើម។ ពិសេសគម្រោងនេះ ខាងADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាងបីលានដុល្លាទៅកាន់រោងម៉ាស៊ីននិមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលគាត់បានសិក្សាកន្លងមក។
ប្រភពដដែលបន្ថែមឲ្យដឹងថាគោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពរបស់វិស័យស្រូវអង្ករកម្ពុជា។ក្នុងឱកាសនោ លោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការងារមួយចំនួនទៀតដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឱ្យកាន់តែច្រើន។ ពិសេសការជួយពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្មនៅមានការខ្វះខាតដើមទុនច្រើន ពិសេសដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្មកសិកម្មបានដោយខ្លួនឯង។
ជាលទ្ធផលនៃជំនួបគឺភាគីទាំងពីរចែករំលែងនូវបទពិសោធន៍ ក៏ដូចជា ព័ត៌មានក្នុងការជួយដល់វិស័យស្រូវអង្ករកម្ពុជា និងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ក៏ដូចជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា៕
0 comments