Credited: រស្មីកម្ពុជា:
អតីតមេដឹកនាំចារកម្មម៉ាឡេស៊ីដ៏ចម្រូងចម្រាសម្នាក់ ត្រូវបានចាប់បញ្ជូនទៅឃុំឃាំងខ្លួនកាលពីថ្ងៃពុធទី២៩ខែសីហា តាមការចោទប្រកាន់អំពីការលួចមូលនិធិដែលទុកសម្រាប់ការៀបចំបោះឆ្នោតកាលពីខែឧសភា។
លោក ហាសាណា អាប់ឌុល ហាមីដ អតីតមេដឹកនាំក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ីនេះ គឺជាសម្ពន្ធមិត្ត របស់អតីតមេដឹកនាំម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ដែលត្រូវបានទម្លាក់ចេញពីអំណាចតាមការបោះឆ្នោត បន្ទាប់ពីមានការចោទប្រកាន់ថាលោក និងអ្នកជិតស្និទ្ធរបស់លោកបានលួចលុយរដ្ឋជាច្រើន។
មានការដកតំណែងពីក្រុមមន្ត្រីជាន់ខ្ពស់ដែលមានទំនាក់ទំនងជាមួយនឹងអតីតរដ្ឋាភិបាលនេះគឺចាប់តាំងពីការចាញ់ឆ្នោត របស់ លោក ណាជីប រ៉ាហ្សាក់។
លោក ហាសាណា អាប់ឌុល ហាមីដ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារដោយក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយដែលបានស៊ើបអង្កេតការលួចលុយនៃមូលនិធិបោះឆ្នោតនេះ ពីនាយកដ្ឋានគ្រប់គ្រងមូលនិធិបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីនេះ ដែលរបាយការណ៍បាននិយាយថា លុយរាប់លានរីងហ្គីត បានបាត់បង់ ។
មន្ត្រីម្នាក់មកពីគណៈកម្មការប្រឆាំងអំពើពុលរលួយម៉ាឡេស៊ី បាននិយាយប្រាប់សារព័ត៌មានAFPថា លោក ហាសាណា អាប់ឌុល ហាមីដ អាយុ៦១ឆ្នាំនេះ បានបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធ។
មន្ត្រីនេះ បានបន្ថែមថា លោក ហាសាណា អាប់ឌុល ហាមីដ កំពុងត្រូវបានស៊ើបអង្កេតចំពោះការរំលោភអំណាច។ក្រុមអ្នកស៊ើបអង្កេត ក៏បានចាប់ខ្លួនមន្រ្តី៧នាក់ផងដែរពីអង្គភាពស៊ើបអង្កេតរបស់លោក ហាសាណា អាប់ឌុល ហាមីដ៕
0 comments