Credited: រស្មីកម្ពុជា:
ភ្នំពេញ: ស្ត្រីម្នាក់ជាម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង នៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដើម្បីឲ្យលោកខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ។
ស្ត្រីម្ចាស់ទីតាំងរូបនេះឈ្មោះ សុខ វួចលីន អាយុ៤១ឆ្នាំ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងវេចខ្ចប់ប៊ីចេង ដែលសមត្ថកិច្ចចោទថាក្លែងក្លាយ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតភស្តុតាមួយចំនួនមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាក Win Win ចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន។
ពាក់ព័ន្ធបញ្ហានេះ ក្រុមគ្រួសារម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេងខាងលើបានបង្ហាញឯកសារ ដែលបញ្ជាក់ថា ទីតាំងវេចខ្ចប់ប៊ីចេងនៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវនេះ បានត្រូវ GS1 CAMBIDIA ចេញវិញ្ញាបនប័ត្រ ចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦ បញ្ជាក់ថា ជាសិប្បកម្មវេចខ្ចប់ប៊ីចេងសុខ វួចលីន និងជាសមាជិកនៃស្ថាប័នGS1 CAMBIDIA។
ក្រុមគ្រួសារដដែលបានអះអាងថា ប៊ីចេងម៉ាក Gold Cup បានត្រូវក្រសួងពាណិជ្ជកម្មចេញវិញ្ញាបនប័ត្រចុះបញ្ជីម៉ាក កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦ ត្រឹមត្រូវតាមច្បាប់។ ដោយឡែកប៊ីចេងម៉ាក Win Win គឺខាងសិប្បកម្មវេចខ្ចប់ប៊ីចេងសុខ វួចលីន ទិញពីដេប៉ូចែកចាយតែសេះមាសប៊ីចេងWin Win និងឈ្មោះ ញ៉េបហួយ ដោយមានវិក័យប័ត្របញ្ជាក់ច្បាស់លាស់ ពោលគឺប៊ីចេងទាំងអស់នេះ មិនមែនក្លែងក្លាយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ខាងសមត្ថកិច្ចនគរបាលនិយាយថា ការកំណត់បទល្មើសក្លែងក្លាយ ឬមិនក្លែងក្លាយនោះ គឺអាស្រ័យលើសមត្ថកិច្ចរបស់តុលាការ ដែលកំពុងចាត់ការតាមនីតិវិធី ព្រោះផុតដៃសមត្ថកិច្ចនគរបាលហើយ៕

0 comments