ក្រចេះ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពងាយស្រួល អាជ្ញាធរខេត្តក្រចេះ នឹងបើកឲ្យដំណើរការអង្គភាព ច្រកចេញចូលតែមួយ របស់សាលាខេត្ត នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរ ពាក់ព័ន្ធផងដែរ ។
ការដាក់ឲ្យដំណើរការនេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ ប្រជាពលរដ្ឋ។
ក្រោយពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក លោក វ៉ា ថន បានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីដែលទទួលបន្ទុក ក្នុងការផ្តល់សេវាទាំងនេះជូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានល្អ ពីការដាក់ផ្លាកកំណត់តំម្លៃសេវា ដើម្បីងាយស្រួលគ្រប់គ្រង និងជៀសវាងការយកលុយពីសេវាខាងក្រៅ ពីប្រជាពលរដ្ឋ ហើយកុំដើម្បីតែប្រយោជន៍ខ្លួន ប៉ះពាល់អាជ្ងាធរខេត្តឲ្យសោះ។
ក្នុងនោះដែរ លោកក៏ជំរុញ និងណែនាំដល់មន្ទីរជំនាញទាំង១២មន្ទីរអង្គភាព ដែលមានភារៈកិច្ច នៅក្នុងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តក្រចេះ ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ប្រកបដោយក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមចំណែកឆ្លើយតបទៅនឹងការអនុវត្ត និងផ្តល់សេវាអោយបានទាន់ពេលវេលា តាមតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត គ្រប់មន្ទីរស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការផ្សព្វផ្សាយ ឱ្យបានច្បាស់លាស់ អំពីតម្លៃសេវា និងព័ត៌មានសំខាន់ៗផ្សេងទៀត ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ខ្លួន ព្រមទាំងប្រមូលព័ត៌មាន ត្រឡប់ពីប្រជាពលរដ្ឋអំពីការបំពេញកិច្ចការរបស់ខ្លួន និងធ្វើការកែលំម្អនូវចំណុចដែលខ្វះខាតឱ្យបានល្អប្រសើរឡើង៕



0 comments