Wednesday, August 15, 2018

អ្នកជំនាញកសិកម្មចិនបង្រៀនប្រជាជនភូមិធម្មជាតិរុនតាឯកពីបច្ចេកទេសធ្វើស្រែឱ្យទទួលបានផលច្រើន ប្រើពូជតិច និងចំណេញពេលវេលា

អ្នកជំនាញកសិកម្មជនជាតិចិននៃគម្រោង Caproc របស់ក្រុមហ៊ុន FORWORD សហការជាមួយអាជ្ញាធរជាតិអប្សរា បានបង្រៀនពីរបៀបធ្វើស្រែឱ្យទទួលបានទិន្នផលខ្ពស់ ចំណេញពេល ប្រើពូជតិច និងកម្លាំងតិច ដល់ប្រជាជនភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ លោក XIE ZHI GAN អ្នកជំនាញដំណាំស្រូវបាននិយាយថា ការយកបច្ចេកទេសដាំស្រូវមកបង្រៀន ព្រោះស្រូវជាដំណាំដ៏ធំនៅកម្ពុជា ហើយប្រជាជនភាគច្រើនធ្វើតាមទម្លាប់ បុរាណ ប្រើកម្លាំងមនុស្សនិងពូជច្រើន ហើយបានទិន្នផលតិច។ ដូច្នេះទើបក្រុមការងារមកចែករំលែកអំពីបទពិសោធន៍ក្នុងការធ្វើស្រែដោយចំណាយពូជតិច ចំណេញពេល និងបានទិន្នផលខ្ពស់។ លោក XIE ZHI GAN បន្តទៀតថា វគ្គសិក្សានេះបង្រៀនប្រជាជនអំពីការគ្រវែងសំណាប ការប្រើគ្រឿងយន្ត វិធីថែទាំ និងការការពារដំណាំស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ ហើយចំណេញពេល និងថវិកាថែមទៀត។ ចំពោះការគ្រវែងសំណាប វាពិតជាថ្មីសម្រាប់ប្រជាជនខ្មែរ តែវាងាយស្រួល លឿន និងបានផលបំផុត។ អ្នកស្រី សួត សាលី កសិករភូមិធម្មជាតិរុនតាឯក ដែលបានរៀនវគ្គបណ្តុះបណ្តាលអំពីដំណាំស្រូវបានលើកឡើងថា វគ្គសិក្សានេះថ្មី ប្លែកជាងអ្វីដែលអ្នកស្រីទៀតធ្លាប់ធ្វើកន្លងមកដោយប្រើកម្លាំងច្រើន ប្រើន័ង្គល ដែលចំណាយពេលច្រើន។ តែវគ្គនេះបង្រៀនដោយគ្រវែងសំណាបនិងប្រើម៉ាស៊ីន វាងាយស្រួល ចំណេញពេល និងគួរឱ្យចាប់អារម្មណ៍ចង់សាកល្បង។ ក្រៅពីនោះ អ្នកស្រីក៏ចេះពីវិធីការពារនិងថែរក្សាស្រូវឱ្យបានល្អ ដឹងពីសត្វល្អិតណាមានប្រយោជន៍និងជាសត្វបំផ្លាញ ហើយត្រូវកម្ចាត់ដោយរបៀបណា។ លោក អ៊ឹង តុងអៀង អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា ដំណាំស្រូវជាវគ្គសិក្សាលើកទី១សម្រាប់កសិករនៅភូមិធម្មជាតិរុនតាឯក។ តាមរយៈវគ្គសិក្សានេះ នឹងធ្វើឱ្យកសិករយល់ដឹងពីរបៀបដាំដុះ ការថែទាំ ការកម្ចាត់សត្វល្អិតចង្រៃ ការជ្រើសរើសពូជ និងមានជម្រើសក្នុងការសាកល្បងពីវិធីណាមួយដែលគាត់ចង់ធ្វើសម្រាប់ ដំណាំស្រូវរបស់គាត់ឱ្យទទួលបានផលល្អ។ អាជ្ញាធរជាតិអប្សរាតែងតែស្វែងរកដៃគូសហការផ្សេងៗ អ្នកជំនាញកសិកម្មជាតិ អន្តរជាតិ ដើម្បីមកផ្តល់ចំណេះដឹងដល់អ្នកភូមិ ធ្វើយ៉ាងណាឱ្យអ្នកភូមិមានជីវភាពល្អប្រសើរតាមរយៈការធ្វើកសិកម្ម និងលក់ដូរផលិតផលរបស់ខ្លួន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...