Monday, July 9, 2018

ព្រះមហាក្សត្រអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើបន្ថែមទៀត

នៅក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានមានព្រះរាជបន្ទូលថា ព្រៃឈើជាប្រភពធនធានដ៏មហាសាល ដែលមានតម្លៃខាងសេដ្ឋកិច្ចខ្ពស់ មិនអាចប៉ាន់ប្រមាណបានលើផ្នែកបរិស្ថាន វប្បធម៌ ប្រវត្តិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល ប្រព័ន្ធការពារជីវចម្រុះ និងផ្តល់ជម្រកសម្រាប់ស្ថិរភាពនៃជីវិតរស់នៅរបស់មនុស្ស និងសត្វគ្រប់ប្រភេទ។ ដូច្នេះ ការប្រារព្ធពិធីបុណ្យរុក្ខទិវានេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជាយើង រួបរួមគ្នាទប់ស្កាត់គ្រោះមហន្តរាយនៃការបាត់បង់សម្បត្តិព្រៃឈើ និងការពង្រឹងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតនៃមាតុភូមិយើង។ ព្រះអង្គមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា ការបាត់បង់ព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាង និងគម្របរុក្ខជាតិ អាចបណ្តាលឱ្យមានទឹកជំនន់ មហន្តរាយខ្យល់ព្យុះ ការរាំងស្ងួតធ្វើឱ្យថ្លុក ត្រពាំង បឹង បួ រំលិច ព្រែក ស្ទឹង ទន្លេ ដែលជាទីតម្កល់ធនធានទឹក ត្រូវខ្វះទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិ ដែលជាហេតុឱ្យមានការបាត់បង់លំនឹងបរិស្ថានធម្មជាតិ ឈានទៅរកការបាត់បង់សត្វព្រៃ និងធនធានធម្មជាតិគ្រប់ប្រភេទ។ ក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រោសប្រទានទូន្មានតាមផ្លូវព្រះធម៌ដល់ជនានុជនគ្រប់ៗរូប ខិតខំថែរក្សាការពារព្រៃឈើ សត្វព្រៃ បង្កលក្ខណៈឱ្យកើតកូនកើតចៅសម្បូរសប្បាយកើនឡើង។ ទន្ទឹមនេះ ព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវយកព្រះទ័យទុកដាក់ដាំដើម ឈើគ្រប់ប្រភេទនៅតាមទីសាធារណៈ ឱ្យក្លាយទៅជាទីមនោរម្យស័ក្តិសមជាទីដ្ឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជន។ ជាមួយគ្នានេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំដាំដើមឈើនៅតាមទីធ្លារសាធារណៈនានាឱ្យបានច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ត្រឈឹងត្រឈៃដល់ប្រជារាស្រ្តយើង ហើយទន្ទឹមនេះសហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើដែលអាចផ្តល់ប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជន។ ឆ្លៀតក្នុងឱកាសនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសជាមិត្ត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការដាំថែរក្សានិងការពារធនធានព្រៃឈើ ដែលជាកត្តាសំខាន់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកំពត បានមានប្រសាសន៍ថា ការប្រារព្ធរុក្ខទិវានៅទីនេះគឺជាសកម្មភាពដ៏ឧត្តុងឧត្តម និងជាកត្តាជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ រូបរួមគ្នាស្តារនិងអភិរក្សប្រភពធនធានដ៏សំខាន់ នេះឱ្យគង់វង្ស ដោយជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃនៅតាមវត្តអារាម ឱ្យចូលរួមសកម្មភាពដាំដើមឈើឱ្យបានច្រើនសម្រាប់ឧត្តមប្រយោជន៍ជាតិ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...