កណ្តាល៖ នៅព្រឹកថ្ងៃពុធទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង១៨ ដែលបានចូលរួមនៅថ្ងៃនេះគឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោង ចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។ រោងចក្រទាំង១៨នេះ មានរោងចក្រកាត់សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១និងផលិតកេសកាតុងចំនួន១ហើយផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញមកជួបសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនៅស្រុកអង្គស្នួលនាពេលនេះ។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ កូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់លោករហូតមក។ ទន្ទឹមនឹងនេះ លោក ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះដែលបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀតដើម្បីប្រើប្រាស់សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ជាពិសេសសាលារាជធានីភ្នំពេញបានពង្រីងការដឹកជញ្ជូនមកដល់តំបន់នៃស្រុកអង្គស្នួលនេះផងដែរដើម្បីបង្កើតភាពងាយស្រួលដល់កូនក្មួយកម្មករដែលបានធ្វើការនៅទីនេះអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ(Free) ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុងនឹងពង្រីកផងដែរនៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម៕


0 comments