ថ្លែងចំពោះមុខកម្មករ-កម្មការិនីជាង ១៨,០០០នាក់នៅខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «នៅឆ្នាំ២០១៩ ពូហ៊ានប្រកាសថាប្រាក់ឈ្នួលអប្បរមានឹងកើនខ្ពស់ជាង ១៧០ដុល្លារ គឺត្រូវចរចាគ្នាដើម្បីបង្កើនប្រាក់ឈ្នួលនៅពេលនោះ ឯរាជរដ្ឋាភិបាលកំពុងរិះរកគ្រប់វិធីទាំងអស់ ដើម្បីធ្វើឱ្យការចំណាយរបស់ម្ចាស់រោងចក្រកាន់តែចំណាយតិចដើម្បីឱ្យម្ចាស់រោងចក្រនោះប្រើប្រាស់នូវប្រាក់ចំណេញដើម្បីបង្កើនបៀវត្សចំពោះកម្មករ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថារាជរដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយ សម្រួលទៅលើថ្លៃអគ្គីសនី ការដឹកជញ្ជូន និងបញ្ហាដទៃទៀតជាច្រើន សំដៅធ្វើយ៉ាងណាឱ្យរោងចក្រចំណយថ្លៃដើមផលិតកាន់តែតិច មានប្រាក់ចំណូលកាន់តែខ្ពស់ ដើម្បីតម្លើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ-កម្មការិនី «ដូចជាយើងកំពុងតែគិតគូចំពោះ អគ្គីសនីចំពោះវិស័យឧស្សាហកម្ម ដើម្បីធ្វើយ៉ាងណាឱ្យអគ្គីសនីរបស់យើងតម្លៃថោក ដែលអាចអគ្គីសនីក៏រស់រានបាន និងផ្នែកឧស្សាហកម្មក៏អាចរស់រានបាន បន្ថែមពីលើនោះយើងក៏បានគិតគូសម្រួលទៅលើបញ្ហាដទៃទៀត រាប់ទាំងបញ្ហាដឹកជញ្ជូន សម្រួលទៅលើការធ្វើពាណិជ្ជកម្មជាដើម ដើម្បីកាត់បន្តយនូវការចំណាយថ្លៃដើមទៅលើការផលិត ហើយផលចំណេញនោះត្រូវបានផ្តល់ឱ្យកម្មករ-កម្មការិនីរបស់យើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងនូវបញ្ហាប្រឈមនឹងការបាត់បង់ការវិនិយោគនៅកម្ពុជាផងដែរ ប្រសិនបើមានសកម្មភាពណាមួយ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចវិនិយោគបានតទៅទៀត គេនឹងអាចដករោងចក្រចេញពីប្រទេសរបស់យើងទៅកាន់ប្រទេសដទៃ ព្រោះមានប្រទេសជាច្រើនកំពុងតែផ្តល់ប្រាក់ឈ្នួលទាបជាងនៅកម្ពុជា «នៅប្រទេសបង់ក្លាដេស ប្រាក់ខែទូទៅបានតែ ៦៧ដុល្លារ នៅប្រទេសសិរីលង្ការ ប្រាក់ខែបានត្រឹមតែ ៦៧ដុល្លារ នៅឥណ្ឌាមានការបែងចែកតំបន់ ដែលតំបន់ដេលមានប្រាក់ទាបគឺបាន ៧៧ដុល្លារ និងតំបន់ដែលមានប្រាក់បៀវត្សខ្ពស់បាន ១៤៣ដុល្លារ នៅប្រទេសភូមា មានប្រាក់ឈ្នួល ១០៨ដុល្លារអាមេរិក នៅឥណ្ឌូនេស៊ី មានការបែងចែកជាតំបន់តំបន់ទាបទទួលបាន ១០៧ដុល្លារ និងតំបន់ដែលខ្ពស់ ២៦៧ដុល្លារ នៅវៀតណាម គឺតំបន់ខ្លះទទួលបាន ១២២ដុល្លារ និងតំបន់ខ្ពស់ ១៧៥ដុល្លារ នៅឡាវ ទទួលបាន ១៣៣ដុល្លារ ប៉ាគីស្ថាន ១៣៤ដុល្លារ»៕


0 comments