លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានជ្រើសរើសយកជម្រើសតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តក្នុងក្របខណ្ឌនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ចំពោះស្រ្តីមានផ្ទៃពោះក្រីក្រនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីកិច្ចគាំពារសង្គមផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសចេញនូវកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជាជំហានៗនេះ គឺសម្រាប់គ្រួសារក្រីក្រនៅពេលសម្រាលកូន ដោយពួកគេនឹងទទួលបាននូវការឧបត្ថម្ភ ជាបីដំណាក់កាលដូចជា៖
- ដំណាក់កាលទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀល ក្នុងម្តងចំនួន៤ដងក្នុងពេលមានផ្ទៃពោះ។
- ដំណាក់កាលទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀលតែម្តងគត់ក្នុងពេលសម្រាលកូន។
- ដំណាក់កាលទី៣ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀលម្តង សរុបចំនួន១០ដង ក្រោយពេលសម្រាលរហូតដល់កុមារមានអាយុពីរឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការឧបត្ថម្ភនេះនឹងអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ ខាងមុខនេះ។ លោកបានបន្ថែមថា ការអនុវត្តកម្មវិធីសាច់ប្រាក់នេះគឺសម្រាប់តែស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ គឺមិនអាចគ្របដណ្តប់ដល់ប្រជាពលរដ្ឋទាំងអស់នោះទេ៕


0 comments