Monday, June 4, 2018

គណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០ របស់ខ្លួននៅថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០១៨

គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០ របស់ខ្លួន នៅថ្ងៃទី០៥ និងទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសហប្រធានទាំងពីរ គឺលោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Kenichi BESSHO អនុប្រធានបេសកម្មនៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានរបាយការណ៍នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានពីការផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គពីឆ្នាំ២០១៧ និងឆ្នាំកន្លងមក។ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ (១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀត ចូលរួមជាសមាជិកផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...