លោកស៊ុនចាន់ថុល!រថភ្លើងលើអាកាសកំពុងសិក្សាគម្រោងនិងនៅតែសាងសង់ Voice Of Countryside ព័ត៍មានជាតិ June 05, 2018 Credited: រស្មីកម្ពុជា ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអះអាងថាការសាងសង់រថភ្លើងលើអាកាសក្រោមជំនួយរបស់ប្រទេសជប៉ុននៅតែដំណើរការសាងសង់។ពេលនេះកំពុងសិក្សាដើម្បីបើកគម្រោងសាងសង់នៅថ្ងៃខាងមុខឥតមានការប្រែប្រួលណាមួយនោះឡើយ។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់ ពិធីចុះអនុស្សារណៈយោគយល់នៃ មូលនិធិរួមគ្នា រវាងអង្គការ UNDP ជាមួយក្រុមហ៊ុន Grab លើគម្រោងនិរន្តរភាពចរាចរណ៍ ក្នុងទីក្រុងសម្រាប់គ្រប់គ្នា “សម័យ”កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៨លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនឱ្យដឹងថាគម្រោងសាងសង់រថភ្លើងលើអាកាសនេះរួមទាំងអស់មានប្រវែងចំនួន១៨គីឡូម៉ែត្រចាប់ពីតំបន់ផ្សារថ្មីឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដោយក្នុងនេះ១៦គីឡូម៉ែត្រជាផ្លូវរថភ្លើងលើអាកាសនិង៤គីឡូម៉ែត្រនៅជិតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជារថភ្លើងក្រោមដីវិញ។ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការបែបនេះធ្វើឡើងបន្ទាប់ពីមានការប្រទាំងប្រទើសនិងបំបាត់ពាក្យអាចាមរាមជាច្រើនជុំវិញការសាងសង់រថភ្លើងអាកាសរបស់ជប៉ុននៅកម្ពុជាដោយសារបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនអះអាងថាជប៉ុនបានផ្តាច់ជំនួយវិញដោយសារបញ្ហានយោបាយជាមួយគណៈបក្សប្រឆាំងនាកន្លងមកជាដើម។ ទាក់ទិនក្នុងរឿងនេះដែរលោករដ្ឋមន្ត្រីលើកឡើងថា”គ្មានពាក់ព័ន្ធទៅនឹងនយោបាយអ្វីទាំងអស់គឺជប៉ុនគេនៅតែបន្តជំនួយនេះដដែល។ជប៉ុនគេបានបើកិច្ចពិភាក្សាជាមួយកម្ពុជាយើង២លើកហើយ។សម្រាប់លើកទី៣នេះគេនឹងជួបពិភាក្សាគ្នានៅខែ៦នេះឯងដើម្បីពន្យល់ឱ្យពលរដ្ឋសាធារណៈជនបានយល់ពីការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ”។ជុំវិញបញ្ហានេះដែរលោកបានអះអាងថានាពេលនេះគម្រោងកំពុងសិក្សាអាចបញ្ចប់នៅក្នុងឆ្នាំនេះឬឆ្នាំក្រោយ ហើយបន្ទាប់ពីនោះគម្រោងសាងសង់នឹងចាប់ផ្តើមឡើង។ លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានឱ្យដឹងបន្ថែមថាក្រៅពីគម្រោងសាងសង់រថភ្លើងលើអាកាសជាមួយប្រទេសជប៉ុននេះចេញនាពេលនេះកម្ពុជាក៏កំពុងតែសិក្សាគម្រោងមួយទៀតពីការសាងសង់រថភ្លើងលើអាកាសជាមួយប្រទេសចិនផងដែរ។ទោះបីយ៉ាងណាក្តីលោករដ្ឋមន្ត្រីក្រសួងសាធារណៈការបានបញ្ជាក់ថាគម្រោងពីនេះខុសគ្នាមិនជាន់នឹងគម្រោងរបស់ប្រទេសជប៉ុននោះឡើយ។ គួរបញ្ជាក់ថាបើតាមមន្ត្រីក្រសួងសាធារណៈការបានឱ្យដឹងនាកន្លងមកថាគម្រោងផ្លូវរថភ្លើងលើអាកាសនេះគ្រោងចំណាយថវិកាប្រមាណ ៨០០លានដុល្លារសហរដ្ឋអាមេរិក។វាជាប្រភេទរថភ្លើងAGT ដែលមានល្បឿនលឿនពិសេសមួយសម្រាប់រត់នៅទីប្រជុំជន។គម្រោងនេះអាចនឹងចាប់ផ្តើមនៅអំឡុងឆ្នាំ២០១៩ខាងមុខហើយអាចបញ្ចប់ជាស្ថាពរនៅមុនឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី២៣ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕
0 comments