លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមានភាពក្លាហានដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ Voice Of Countryside ព័ត៍មានជាតិ May 18, 2018 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋមានការថ្លឹងថ្លែងថា តើការដឹកនាំដោយលោកត្រូវប៉ុន្មាន ហើយខុសប៉ុន្មាន? លោកបានថ្លែងបន្តថា របៀបការដឹកនាំរបស់មេដឹកនាំនៃប្រទេសណាលោកមិនដឹងទេ តែសម្រាប់រូបលោកវិញ គឺលោកមានភាពក្លាហានដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ព្រោះតែការយកជីវិតធ្វើជាដើមទុនដើម្បីចរចាយកទាហានខ្មែរក្រហមចេញពីក្នុងព្រៃនោះហើយ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ប្រជាពលរដ្ឋមានឱកាសរកស៊ីអភិវឌ្ឍន៍ជីវភាពល្អប្រសើរ។ លោកបានបន្តថា បើអ្វីដែលលោកបានធ្វើនោះខុស លោកក៏ស្ម័គ្រចិត្តនឹងទទួលការស្តីបន្ទោសនោះដែរ ប៉ុន្តែលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេះវិនិច្ឆ័យលើបញ្ហានិងការដឹកនាំរបស់លោក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែលោករំលត់ភ្លើងសង្គ្រាមទើបមានផ្លូវ មានស្ពាន ហើយក៏នាំឱ្យមានការកាប់ទន្ទ្រានព្រៃឈើ តែបើមិនរំលត់ភ្លើងសង្គ្រាមទេ ប្រជាពលរដ្ឋកម្ពុជានឹងនៅតែបន្តស្លាប់ ហើយដើម្បីរំលត់ភ្លើងសង្គ្រាមនៅកម្ពុជា លោកបានយកជីវិតទៅធ្វើជាដើមទុន៕
0 comments