Friday, May 18, 2018

ទស្សនៈមិត្តអ្នកអាន ៖ ទៅបោះឆ្នោត ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ

យោងរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ហើយត្រូវបានទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមក្នុងការបោះឆ្នោតអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលគណបក្សចំនួន១៥ផ្សេងទៀត គ.ជ.ប កំពុងពិនិត្យ ហើយនឹងប្រកាសនៅអំឡុងពេល១សប្តាហ៍ក្រោយពីដាក់ពាក្យ។ គ.ជ.ប ជឿជាក់ថាការបោះឆ្នោតអាណត្តិថ្មីនេះនឹងមានគណបក្សនយោបាយចូលរួមច្រើនជាងអាណត្តិមុនៗទៅទៀត។ តាមតួលេខនេះ ទាំងសាធារណៈមតិជាតិ និងអន្តរជាតិ ពិតជាអាចវាយតម្លៃបានយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែមានជីវិតរស់រវើក និងគ្មានការដើរថយក្រោយអ្វីនោះឡើយ។ ជាការកត់សម្គាល់គណបក្សនយោបាយមួយចំនួនធំ ដែលធ្លាប់ជាអតីតគណបក្សដែលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាចក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែងយ៉ាងសកម្មផងដែរ ក្នុងនោះមានដូចជា គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាដើម។ ដោយឡែក គណបក្សទើបបង្កើតថ្មីមួយចំនួន ដែលអះអាងថាខ្លួនជាគណបក្សស្នងត្រកូលអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយដោយសារតែមានកំហុសនោះ ក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែងផងដែរ ដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ ជាដើម។ ដូច្នេះ ដំណើរការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា គឺនៅតែបន្ត និងមានភាពរីកច្រើនដដែល។ រីកចម្រើនគឺនៅត្រង់ចំនួនគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោតអាណត្តិទី៥ កាលពីឆ្នាំ២០១៣ មានត្រឹមតែ៨ គណបក្សនយោបាយប៉ុណ្ណោះ ដោយឡែកនៅពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីគឺមានរហូតដល់២០គណបក្សឯណោះ។ មានន័យថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកំពុងតែមានការរីកចម្រើនជាងមុន ព្រោះប្រជាពលរដ្ឋបានយល់ដឹង និងគោរពយ៉ាងផុលផុសស្របទៅនិងមាត្រា៣៤ នៃរដ្ឋធម្មនុញ្ញដែលបានចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិទៅចូលរួមបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ ដូចនេះ គណបក្សនយោបាយដែលបានចុះបញ្ជី គឺតំណាងឱ្យក្រុមប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយមួយ ដើម្បីមកចូលរួមប្រកួតប្រជែងជាមួយតំណាងឱ្យក្រុមប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយមួយក្រុមផ្សេងទៀត ក្នុងការអនុវត្តនូវសិទ្ធិកំពូលជាមូលដ្ឋានរបស់ពួកគេដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ស្របពេលដែលដំណើរការបោះឆ្នោតអាណត្តិទី៦នេះ កាន់តែខិតជិតមកដល់ ឯក្តីរំពឹងរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិថានឹងបានចូលរួមការបោះឆ្នោតនោះ ត្រូវបរាជ័យ ទណ្ឌិត សម រង្ស៊ី បានព្យាយាមរារាំងបំផ្លាញការបោះឆ្នោត ដោយអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតវិញម្តង។ ប៉ុន្តែ រាល់សកម្មភាពរបស់ទណ្ឌិតរូបនេះគឺនៅតែគ្មានប្រសិទ្ធភាព។ ជាការកត់សម្គាល់ ទណ្ឌិត សម រង្ស៊ី តែងតែបានឃោសនាបោកប្រាស់ និងភូតកុហក់អ្នកគាំទ្ររបស់ខ្លួនថា នឹងឈ្នះគណបក្សកាន់អំណាច តាំងពីពេលគាត់ដឹកនាំគណបក្សនៅឆ្នាំ១៩៩៥ មកម្លេះ ប៉ុន្តែ មកដល់ពេលនេះ ជាលទ្ធផលគឺគណបក្សដែលដឹកនាំដោយ សម រង្ស៊ី ត្រូវបរាជ័យរហូត។ គាត់ភូតកុហក់អ្នកគាំទ្រទៀតថា សហគមន៍អន្តរជាតិនឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើយ៉ាងណាឱ្យបក្សប្រឆាំងបានចូលរួមការបោះឆ្នោត។ ជាលទ្ធផល សហគមន៍អន្តរជាតិមិនបានស្តាប់តាមសម្តីសម រង្ស៊ី ឡើយ ហើយថែមទាំងលែងរវីរវល់ជាមួយក្រុមឧទ្ទាមក្រៅច្បាប់នេះថែមទៀត។នៅតំណាក់កាលចុងក្រោយនេះ សម រង្ស៊ី បានធ្លាក់ខ្លួនទៅជាជនអគតិធ្ងន់ធ្ងរ ដោយមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា តាមរយៈការណែនាំប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតនៅពេលខាងមុខនេះថែមទៀត។ ជនដែលមានចរិតល្មោភ ស្រេកឃ្លានអំណាចដោយមិនចេះអៀនខ្មាស់បែបនេះ មិនអាចជ្រើសរើសមកដឹកនាំប្រទេសបាននោះទេ ព្រោះជាមនុស្សគ្មានសតិសម្បជញ្ញៈ ជាមនុស្សចងអាឃាត ឈ្នានីស ជាមនុស្សមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ឬអាចហៅថាជាមនុស្សចាំតែបំផ្លាញអ្នកដទៃនៅពេលដែលមហិច្ឆិតាផ្ទាល់ខ្លួនមិនបានសម្រចផល។ ទោះជាយ៉ាងណា កិច្ចប្រឹងប្រែងរបស់ សម រង្ស៊ី មិនអាចរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតបានឡើយ ដោយសារតែចំនួនប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីបច្ចុប្បន្នភាពឆ្នាំ២០១៧ គឺមានចំនួនដល់ទៅជាង ៨លាន ៣សែននាក់ ដែលស្មើនិង៨៤%នៃចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុប ហើយចំនួននេះគឺជាចំនួនអ្នកដែលបានចុះឈ្មោះដ៏ច្រើនលើសលុប បើប្រៀធៀបទៅនឹងការបោះឆ្នោតសកល៥លើកកន្លងមក។ ជាការកត់សម្គាល់ បើប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ រវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺប្រទេសកម្ពុជានៅតែមានអត្រាប្រជាពលរដ្ឋទៅបោះ ឆ្នោតច្រើនជាងបណ្តាប្រទេសទាំងនេះ ដោយនៅប្រទេសក្នុងតំបន់អឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់៣០% ក៏អាចទទួលយកបាន រីឯនៅសហរដ្ឋអាមេរិក មានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ ខណៈដែលនៅកម្ពុជាមានប្រជាពលរដ្ឋជាង៦៩% បានទៅបោះឆ្នោត។ ជារួម ជនដែលមានគំនិតទុទិដ្ឋិនិយម ដូច សម រង្ស៊ី មិនអាចមានជោគជ័យនៅក្នុងជីវិតឡើយ ទោះបីជាជនអគតិមួយនេះប្រើឧបាយកលបំផ្លាញប្រជាជនកម្ពុជាយ៉ាងណាក្តី។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា មិនអាចសាបសូន្យបានឡើយ ទោះបីជាគ្មានគណបក្សមួយដែលបម្រើនយោបាយឱ្យបរទេសក៏ដោយ។ ប្រជាពលរដ្ឋកម្ពុជា បានប្តេជ្ញាចិត្តគ្រប់ៗគ្នាថានឹងទៅបោះឆ្នោត ដើម្បីប្រទេសជាតិបន្តមានសន្តិភាព ស្ថេរភាពកាន់តែរឹងមាំ ដើម្បីសង្គមជាតិមានការអភិវឌ្ឍរីកលូតលាស់ឆាប់រហ័ស ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រកបដោយនីតិរដ្ឋ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...