Credited: រស្មីកម្ពុជា
ភ្នំពេញ: បន្ទាប់ពីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាត់ក្រុមការងារសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ និងដីពាក់ព័ន្ធនិងករណីវិវាទ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់។
ចំណែកប្រជាពលរដ្ឋជាង១០០នាក់ តំណាងអោយ៣០២គ្រួសារ បានយល់ព្រមត្រឡប់ទៅខេត្តកោះកុងវិញ ដើម្បីរង់ចាំក្រុមការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះទៅដោះស្រាយ។
មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា “ដំណោះស្រាយត្រូវបានបញ្ចប់ដោយមានការសម្រប់សម្រួលពីឯកឧត្តម ជា សុផារ៉ា ខណៈនេះពួកគាត់ឡើងឡានទៅផ្ទះវិញ”។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែឧសភា បានឲ្យដឹងថា យោងតាមលិខិតចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង សំណូមពររបស់ប្រជាពលរដ្ឋ៣១៦គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង និងសំណូមពរប្រជាពលរដ្ឋ១៧០គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co,Ltd និងក្រុមហ៊ុន Koh Kong Sager Industry ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាត់ក្រុមការងារសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ និងដីពាក់ព័ន្ធនិងករណីវិវាទ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ប្រជាពលរដ្ឋបានដើរហែរក្បួនពីវត្តសាមគ្គីរង្ស៊ី ដោយថ្មើរជើង ដើម្បីធ្វើដំណើរឆ្ពោះទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅជិតវិមានឯករាជ្យ ប៉ុន្តែនៅពេលមកដល់ស្តុបពេទ្យចិន ត្រូវសមត្ថកិច្ចហាមឃាត់ ដោយអោយប្រជាពលរដ្ឋទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយ៕


0 comments