អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបង្កើតគណបក្សឆន្ទៈខ្មែរ របស់ក្រុមគ្រួសារលោក គង់ គាំ នេះ ដោយសារតែក្រុមគ្រួសារលោកអស់ជំនឿលើកអតីតបក្សសង្គ្រោះជាតិ ដែលតែងតែបរាជ័យ ក្នុងការបោះឆ្នោតកន្លងមកនេះ។ ការអះអាងនេះ ស្របទៅនឹងគំនិតរបស់កូនប្រុសលោក គង់ គាំ ដែលអះអាងថា ការបង្កើតគណបក្សថ្មី «ឆន្ទៈខ្មែរ» មកពីអស់ជំនឿងលើគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកន្លងមកនេះ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជម្រៅចិត្តមនុស្សមិនអាចវាស់បានមែន។ នៅក្រោយពេល ដែលលោក គង់ មុនីកា បង្កើតគណបក្សឈ្មោះថា គណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ មានអតីតមន្ត្រីអតីតបក្សប្រឆាំងមួយរូប បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហាក់មិនចង់ឲ្យមានការបង្កើតបក្សថ្មី។ ការលើករបស់លោក សុខ ឥសាន សំដៅទៅរកលោក អេង ឆៃអ៊ាង ដែលបានចំអកទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា ការបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីគ្រួសារ និងទ្រព្យសម្បត្តិ។
យ៉ាងណាក្តីលោក សុខ ឥសាន បានអះអាងថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះបានបោះសម្តីថា ជម្រៅទឹកសមុទ្រគេអាចវាស់បាន តែជម្រៅចិត្តមនុស្ស គេមិនអាចវាស់បានឡើយ។ ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត ដែលបញ្ជាក់យ៉ាងច្បាស់ថា កុំយល់ច្រឡំឲ្យសោះនៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម៉្យាងទៀតឃើញគេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។
លោកបញ្ជាក់ថា «ការបង្កើតបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតី ក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណា អាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោកមិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត»។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ ស្របពេលដែលអគ្គលេខាធិការរងនៃ គណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន បានលើកឡើងថា ការបង្កើតបក្សថ្មីនេះ ដោយសារមិនសង្ឃឹមទៅលើការរស់ឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
លោកបន្តថា បក្សថ្មីនេះមិនទាន់បានគិតអំពីប្រភពធនធានថវិកាសម្រាប់ទ្រទ្រង់បក្សនោះទេ ប៉ុន្តែមានការគាំទ្រយ៉ាងពេញទំហឹង ពីលោក គង់ គាំ ជាឪពុក។ លើសពីនេះ ការបង្កើតបក្សថ្មីនេះ គឺជានិមិត្តរូបនៃគណបក្សសង្គ្រោះជាតិ ។ ទន្ទឹមគ្នានេះ លោក ហ៊ីងយឿន បន្តថា លោកមិនខ្វល់ អំពីការរិះគន់យ៉ាងណានោះទេ។ ចំណែកអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា ដែលជាបងប្រុសបង្កើតលោក គង់ មុនីកា ក៏ប្រកាសគាំទ្រ ការបង្កើតគណបក្សថ្មី របស់ប្អូនរបស់លោក។
លោក គង់ បូរ៉ា មានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ គឺជាគណបក្សអស់សង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងអាចចូលប្រកួតប្រជែង បោះឆ្នោតបានដូច្នេះប្អូនប្រុសរបស់លោកបង្កើតបក្សថ្មីនេះ ដើម្បីប្រមូលអ្នកប្រជាធិបតេយ្យមកវិញ៕
0 comments