Credit: Sabay News
មហាសេដ្ឋីបច្ចេកវិទ្យា Jack Ma ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ចំនួន ៤០,៨ ពាន់លានដុល្លារ បានផ្ដល់ដំបូន្មានយ៉ាងជាក់ស្ដែងដល់កូនប្រុសរបស់ខ្លួនចំពោះវិស័យអប់រំ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum Annual Meeting នាពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Alibaba ខាងលើបានចែករំលែកបទពិសោធន៍អំពីខ្លួនឯងផ្ទាល់ ដែលមិនធ្លាប់ទទួលបានការអប់រំល្អដូចគេ។
«ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រខ្លាំងណាស់។ ខ្ញុំមិនដែលទទួលបានការអប់រំល្អនោះទេ ហើយខ្ញុំបានប្រឡងធ្លាក់ ដោយសារហេតុផលអ្វីក៏ខ្ញុំមិនដឹង»។ លោក Ma បានប្រាប់ដូច្នេះ។
បើតាមសម្ដីរបស់មហាសេដ្ឋីចិនរូបនេះដដែល បាននិយាយថា «ខ្ញុំបានប្រាប់កូនប្រុសរបស់ខ្ញុំថា អ្នកមិនចាំបាច់ជាសិស្សពូកែកំពូលតារាងទាំង ៣ នៅក្នុងថ្នាក់រៀនឡើយ ពីព្រោះនៅពាក់កណ្ដាលគឺល្អហើយ ដរាបណាពិន្ទុរបស់អ្នកមិនអាក្រក់ពេក។ មានតែមនុស្សប្រភេទនេះប៉ុណ្ណោះ ដែលមានពេលវេលាទំនេរគ្រប់គ្រាន់ ក្នុងការរៀនជំនាញដទៃផ្សេងទៀត"។
លោកបានបន្ថែមទៀតថា «ខ្ញុំគិតថា ប្រសិនបើសេដ្ឋកិច្ចចិនចង់អភិវឌ្ឍន៍ វាត្រូវការក្រុមហ៊ុនធុនតូចៗ និងមធ្យមច្រើន រួមទាំងក្រុមហ៊ុនដែលត្រូវការសហគ្រិនជាច្រើន ជាមួយនឹងតម្លៃ និងជំនាញ»។
យ៉ាងណាមិញ លោក Ma បានជំរុញហ្វូងមនុស្សនៅឯកិច្ចប្រជុំខាងលើថា «យើងមិនអាចបង្រៀនកូនឲ្យប្រកួតប្រជែងជាមួយម៉ាស៊ីន ដែលឆ្លាតជាងមនុស្សនោះទេ តែយើងត្រូវបង្រៀនកូនៗពីអ្វីដែលថ្មី ឬពិសេស។ ធ្វើរបៀបនេះ ៣០ ឆ្នាំក្រោយ កុមារនឹងមានឱកាសជាមិនខាន»៕
0 comments