Monday, February 12, 2018

ជំនួបបេសកជនចក្រភពអង់គ្លេស និងប្រមុខការទូតកម្ពុជា និយាយតែរឿងពង្រីកទំហំពាណិជ្ជកម្ម មិនរំលឹកបញ្ហានយោបាយនៅកម្ពុជាឡើយ

Credit: Fresh News
(ភ្នំពេញ)៖ ជំនួបរវាងប្រមុខការទូតកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស គឺលោក អេតវើត វៃសឺ (Edward Vaizey) បានជជែកពិភាក្សាតែរឿងពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសតែប៉ុណ្ណោះ មិនបានរំលឹកដល់បញ្ហានយោបាយរបស់កម្ពុជានោះឡើយ។ ការមិនរំលឹកលើបញ្ហានយោបាយនេះ ព្រោះតែអង់គ្លេសគោរពអធិបតេយ្យរបស់កម្ពុជា និងប្រកាន់ជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃចន្ទ ១២រោច ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក អេតវើត វៃសឺ បេសកជននាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។ ជំនួបនេះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋ ទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Bill Longhurst ផងដែរ។

បញ្ហានយោបាយនៅកម្ពុជាត្រូវបានគេចាត់ទុកថាមានស្ថានភាពក្តៅ ក្រុមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវច្បាប់កម្ពុជាបិទបញ្ចប់សិទ្ធិនយោបាយ បាននិងកំពុងធ្វើសកម្មភាពនៅក្រៅប្រទេសស្វែងរកគាំទ្រដល់ពួកគេ ដើម្បីបានរួចផុតពីការអនុវត្តន៍ច្បាប់របស់កម្ពុជានេះ។ ក្រៅពីអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុប ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ក៏បានបង្ហាញគម្រោងស្វែងរកការជួយជ្រោមជ្រែងពីចក្រភព អង់គ្លេសផងដែរ។

ក្នុងឱកាសចូលជួបសំណេះសំណាលជាមួយប្រមុខការទូតកម្ពុជានេះ គេរំពឹងថា បេសកជននាយករដ្ឋមន្ត្រីអង់គ្លេស លោក អេតវើត វៃសឺ នឹងមានការជជែកលើបញ្ហានយោបាយ ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ និងការបញ្ចប់សិទ្ធិធ្វើនយោបាយរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ។ ផ្ទុយពីការរំពឹងទុកបញ្ហានយោបាយរបស់កម្ពុជា មិនត្រូវបានលើកយកមកជជែកសូម្បីតែមួយមាត់ គឺនិយាយតែការពង្រីកពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបលោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា ជំនួបនោះទាំងលោកបេសកជន និងលោកឯកអគ្គរដ្ឋទូត មិនបានលើកឡើងពីបញ្ហានយោបាយនោះឡើយ។ លោក ជុំ សុន្ទរី បានអះអាងថា ការដែលមិនលើកឡើងពីបញ្ហានយោបាយរបស់កម្ពុជានេះ ក៏ព្រោះតែអង់គ្លេសតែងប្រកាន់ជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។

លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «ជារួមនៅក្នុងជំនួបនេះ គណៈប្រតិភូទាំងឯកឧត្តមបេសកជនពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីអង់គ្លេស ទាំងឯកឧត្តមឯកអគ្គរដ្ឋទូតអត់មានការលើកឡើងណាមួយដែលពាក់ព័ន្ធសភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នទេ។ បញ្ហានេះចំពោះខ្ញុំផ្ទាល់ខ្ញុំយល់ថា ជាការគូសបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលអង់គ្លេសកន្លងមកធ្លាប់បានអះអាងក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាថា អង់គ្លេសមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ នេះតាមជំនួបកន្លងមកគាត់និយាយអ៊ីចឹង ហើយក្នុងជំនួបលើកនេះអត់មានការលើកឡើងណាមួយ ដែលពាក់ព័ន្ធសភាពការណ៍នយោបាយបាយបច្ចុប្បន្នហ្នឹងទេ»។

បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនេះ ប្រមុខការទូតកម្ពុជា និងលោកបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស បានជជែកគ្នាយ៉ាងស៊ីសង្វាក់ជាទី បំផុតលើការពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះការរីកធំធាត់នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស ដែលបានកើនឡើងពី ៨០០លានដុល្លារនៅឆ្នាំ២០១៥ មកដល់ ១,០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៧កន្លងទៅនេះ។ លោក ប្រាក់ សុខុន បានអះអាងថា ទំហំពាណិជ្ជកម្មនេះ គឺកម្ពុជានាំចេញទៅអង់គ្លេសច្រើនជាងអង់គ្លេសនាំមកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជា ក៏បានឆ្លៀតស្នើឲ្យលោកបេសកជនអង់គ្លេស បន្ថែមការនាំចូលអង្ករ ស្កត្នោត និងម្រេចរបស់កម្ពុជាទៅកាន់ទីផ្សាររបស់អង់គ្លេសផងដែរ។

ក្នុងដំណើរបំពេញទស្សនកិច្ចមកកម្ពុជាជាលើកដំបូងនាពេលនេះ លោក អេតវើត វៃសឺ បានកោតសរសើរចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។

លោកបេសកជន បានបន្តថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប មិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសនោះឡើយ។ ផ្ទុយទៅវិញនឹងផ្តល់ឱកាសបន្ថែមសម្រាប់ការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ផលិតផលអង់គ្លេស និងធុរកិច្ចរបស់អង់គ្លេសនៅកម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...