(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងថា រយៈពេល៣ថ្ងៃមកនេះ (ថ្ងៃទី៩-១១ ខែកុម្ភៈ) អាជ្ញាធរ និងសមត្ថកិច្ចរបស់លោក បានត្រួតពិនិត្យរថយន្តធន់ធ្ងន់សរុបបានចំនួន ១០៤គ្រឿង ក្នុងនោះរកឃើញរថយន្តខុសលក្ខណ:បច្ចេកទេសចំនួន៥គ្រឿង ត្រឹមត្រូវចំនួន៩៩គ្រឿង និងអប់រំណែនាំចំនួន១៩គ្រឿង។
លោកថា ប្រតិបត្តការនេះអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ហើយ៣ថ្ងៃមកនេះ គណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌ បានបើកប្រតិបត្តិការដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យរថយន្តធន់ធ្ងន់ខុសលក្ខណៈបច្ចេកទេស នៅចំណុចផ្លូវណ័រប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (កែងប្រឡាយបារាំង ព្រំប្រទល់ខណ្ឌមានជ័យ) ជាលទ្ធផលបានត្រួតពិនិត្យរថយន្តសរុបចំនួន១០៤គ្រឿង ក្នុងនោះរថយន្តដែលត្រឹមត្រូវចំនួន ៩៩គ្រឿង និងរថយន្តខុសលក្ខណៈបច្ចេកទេសសរុបចំនួន៥គ្រឿង។
បច្ចុប្បន្ននេះ រថយន្តទាំងនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីវាស់វែងកាត់ទ្រុងឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ដោយឡែក មន្រ្តីជំនាញក៏បានធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់រថយន្តចំនួន១៩គ្រឿងផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថាចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែង ផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។
កាលពីថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មីម្តងទៀតនៅលើទំព័រ Facebook ថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។
សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា រថយន្តធំៗវែងៗទាំងនោះភាគច្រើនបើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
សម្តេចតេជោ ក៏បានស្នើជនរួមជាតិចូលផ្ញើសារ (Comment) ក្នុង Facebook របស់សម្តេចពេលឃើញភាពអសកម្មចំពោះចំណាត់ការលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍»៕
0 comments