(ភ្នំពេញ) ៖ លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានអះអាងថា មិនអាចមានការចរចាផ្នែកនយោបាយណាមួយ ជាដាច់ខាតជាមួយអតីតបក្សប្រឆាំង។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ កាលពីថ្ងៃទី២ មករា លោកសុខ ឥសាន បានលើកឡើងថា សពសង្គ្រោះជាតិបានបូជារួចរាល់ហើយ កុំសង្ឃឹមថារស់ឡើងវិញឲ្យសោះ ឯការធ្វើសកម្មភាពនៅក្រៅប្រទេសរបស់អតីតបក្សប្រឆាំង ក្នុងឋានៈជាជនល្មើសច្បាប់ និងជាទណ្ឌិតនោះ គ្រាន់តែជាសកម្មភាពឧទ្ទាមនិយម ក្រៅច្បាប់ប៉ុណ្ណោះ ហើយគ្មានឥទ្ធិពលអ្វីដល់ផ្ទៃក្នុងប្រទេសឡើយ។
លោកសុខ ឥសាន បានគូសបញ្ជាក់ទៀតថា ការប៉ុនប៉ងចង់ឲ្យមានការបង្រួបបង្រួមជាតិ ស្រុះស្រួលជាតិ និងការចរចាផ្នែកនយោបាយណាមួយមិនអាចមានជាដាច់ខាត។ លោកបន្តថា គ្មានអ្នកណាបង្កើតបទល្មើស ឲ្យសាម៉ីជននោះទេ គឺខ្លួនឯងជាអ្នកបង្កើត កុំបន្ទោស អ្នកដទៃ។
លោកថា ការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួនលោកកឹម សុខា ពីព្រោះតែខ្លាចមានការបែកបាក់ជាតិ ៖ “…អត់មានប្រែប្រួល ត្រឡប់មករកជាន់ដានចាស់ឡើងវិញដាច់ខាត…ទី១.គឺបក្សប្រឆាំងត្រូវបានរំលាយរួចហើយ…បើយើងគិតជាសាកសព គេគេបានបូជាសពហ្នឹងរួចហើយ ហើយយកកម្ទិចធាតុហ្នឹង ទៅបោះចូលក្នុងទន្លេ៤មុខរួចទៅហើយ អញ្ចឹងរឿងរស់ឡើងវិញគឺមានអត់មានទេ…ហើយបញ្ហាទី២. ដែលអស់លោកមួយចំនួន អំពាវនាវឲ្យមានការបង្រួបបម្រួមជាតិ ឥឡូវនេះ អត់មានការបែកបាក់ជាតិទេពីព្រោះខ្លាចបែកបាក់ជាតិហ្នឹងហើយ បានចាត់វិធានការចំពោះឯកឧត្តម កឹម សុខា ដែលគាត់បានប្រព្រឹត្តល្មើសបទសទ្ទិដ្ឋិភាពជាមួយបរទេសហ្នឹងហើយ…”។
គួរកត់សម្គាល់ដែរថា លោកសម រង្ស៊ី ដែលកំពុងធ្វើសកម្មភាពនយោបាយ ពីក្រៅប្រទេសជាមួយសកម្មជននិងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដទៃទៀតបានប្រកាសក្តែងៗថាពន្លឺប្រជាធិបតេយ្យ និងយុត្តិធម៌ នឹងបានឃើញយ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មី ២០១៨ នេះ។ លោកថា គណបក្សសង្គ្រោះជាតិ នឹងដំណើរការឡើងវិញជាប្រក្រតី ហើយនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ នេះ។ឯលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមបានផ្ញើសារឲ្យអ្នកនយោបាយគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរ រួមរួបគ្នាផ្សះផ្សាជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងការបែកបាក់ជាតិឡើងវិញ ក្នុងឱកាសឆ្នាំថ្មីនេះ៕
0 comments