(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំវេទិកាជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល២ថ្ងៃ នៅកោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខននេះ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា គោលបំណងក្នុងការរៀបចំវេទិការនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស, និសិ្សត, យុវជន, មាតាបិតា, អាណាព្យាបាល និងសាធារណជន បានស្គាល់កាន់តែច្បាស់ និងជាមគ្គុទ្ទេសក៍សម្រាប់ពួកគាត់ ក្នុងការសម្រេចចិត្តជ្រើសរើសយកជំនាញមកសិក្សា ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
លិខិតរបស់លោករដ្ឋមន្រ្ដីក្រសួង អ៉ិត សំហេង បានឲ្យដឹងថា «វេទិការនេះ មានសារៈសំខាន់ណាស់សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនចូលកាន់ទីផ្សារការងារ នាពេលខាងមុខ ដើម្បីទទួលបាននូវព័ត៌មានពីតម្រូវការទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។ លើសពីនេះទៀត គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង និងធ្វើការណែនាំលើមុខជំនាញបច្ចេកទេស ដែលខ្លួនកំពុងធ្វើការបណ្ដុះបណ្ដាល តាមរយៈការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិតដែលបានអនុវត្ត កន្លងមក និងផ្នែកឯកជន ក៏បានចូលរួមដាក់បង្ហាញពីខ្សែសង្វាក់ផលិតកម្ម និងតម្រូវការកម្លាំងពលកម្មជំនាញ ដែលទីផ្សារកំពុងត្រូវការនាពេលបច្ចុប្បន្ន និងអនាគត»៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖
0 comments