កំពង់ឆ្នាំងៈថ្លែងនៅក្នុងពេលយុទ្ធនាការ លេីកទី៥ស្តីពីការពាក់មួកសុវត្ថិភាពនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិតចេង ញ៉ាន់អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ទោចក្រយានយន្ត និង រថយន្ត អោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត ។
ការអំពាវនាវរបស់អាជ្ញាធរខេត្តនាពេលនេះ ខណៈដែលអត្រានៃគ្រោះថ្នាក់ចរាចរណ៍ នៅតែមានកើតឡើងនៅគ្រប់ទិសទីទូទាំងប្រទេស គួរអោយព្រួយបារម្ភ ហើយបណ្តាលអោយមានអ្នកស្លាប់ របួសជាបន្តបន្ទាប់ និង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ដើម្បីអោយប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលមួកសុវត្ថិភាពជួយការពារជីវិតយើង ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ និង សារៈសំខាន់មួយទៀតបានចូលរួមគោរពច្បាប់ចរាចរណ៍។ ដោយឡែកអ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។
ឯកឧត្តមកែវ ពៅទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និង ជាប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិនាពេលនេះ បានបំពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលមិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរបានជាច្រើន ។ ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនបានចែកជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយាន្តជាច្រើនផងដែរ ។
0 comments