Credit: Cambo Space
(ប៉េកាំង)៖ មនុស្សប្រុស-ស្រីសរុបចំនួន០៣នាក់ បានស្ម័គ្រចិត្តដើម្បីចំណាយពេលប្រមាណ ២០០ថ្ងៃ នៅក្នុងមន្ទីរពិសោធន៍អវកាសមួយកន្លែង នៃទីក្រុងប៉េកាំង ដែលមានលក្ខខណ្ឌស្ថានភាពស្រដៀងទៅនឹងឋានព្រះច័ន្ទ ហើយវាគឺជាកំណត់ត្រាពិភពលោកថ្មី សម្រាប់ការស្នាក់នៅរបៀបបែបនេះ បានយូរជាងគេបង្អស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។
ក្រុមនិស្សិតផ្នែកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Beihang ដែលជាក្រុមទីពីរនៃអ្នកស្ម័គ្រ ក្នុងការស្នាក់នៅក្នុងមន្ទីរពិសោធន៍ Yuegong-1 ដែលមានឈ្មោះមួយទៀតថា Lunar Palace 1 (វិមានព្រះច័ន្ទ) នោះ នាថ្ងៃសុក្រនេះ បានបញ្ចប់ដំណាក់កាលទីពីរ នៃបេសកកម្មពិសោធន៍លើផ្ទៃដី ដែលមានរយៈពេលសរុបទាំងអស់៣៦៥ថ្ងៃ ឬមួយឆ្នាំ។
ដោយឡែក ក្រុមអ្នកស្ម័គ្រចិត្តទីមួយ ដែលកាលពីមុនបានធ្វើការស្នាក់នៅ ក្នុងមន្ទីរពិសោធន៍ខាងលើ សម្រាប់រយៈពេល៦០ថ្ងៃ បានចូលមកស្នាក់នៅក្នុងទីនោះជាថ្មីម្តងទៀតនាថ្ងៃដដែលនេះ ជំនួសក្រុមទីពីរ ដើម្បីចាប់ផ្តើមដំណាក់កាលទីបី ជាដំណាក់កាលចុងក្រោយ ដែលនឹងមានរយៈពេល១០៥ថ្ងៃ។
កិច្ចការពិសោធន៍ខាងលើនេះ ត្រូវបានរចនាឡើង ក្នុងគោលបំណងត្រួតពិនិត្យមើលថាតើ ប្រព័ន្ធទ្រទ្រង់ជីវិតហៅកាត់ថា BLSS មានដំណើរការបែបណានៅក្នុងបរិស្ថាន ដែលមានស្ថានភាពដូចនៅលើឋានព្រះច័ន្ទ ព្រមទាំងអង្កេតទៅលើលក្ខខណ្ឌទាំងផ្នែករូបរាងកាយនិងសតិអារម្មណ៍របស់មនុស្សលោកយើង នៅក្នុងបរិស្ថានបែបនេះ។ ម៉្យាងវិញទៀត ទឹកនិងចំនីអាហារ អាចចត្រូវធ្វើការកែច្នៃឡើងវិញបាននៅក្នុងប្រព័ន្ធនេះ ដែលស្របពេលជាមួយគ្នា វាក៏បង្កើតជាបរិស្ថានមួយដែលដូចទៅនឹងភពផែនដីផងដែរ។
គួរជម្រាបថា ជោគជ័យខាងលើរបស់ចិន បានបំបែកកំណត់ត្រា ដែលបង្កើតឡើងដោយការពិសោធន៍របស់អតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) ដែលនាពេលនោះមនុស្ស០៣នាក់ បានចំណាយពេល១៨០ថ្ងៃ ស្នាក់នៅក្នុងបរិស្ថានអេកូឡូស៊ីបិទជិត ស្រដៀងគ្នា កាលពីដើមទសវត្សរ៍៧០៕
0 comments