(ភ្នំពេញ)៖ ប្រកាសចេញពីកងពលធំអន្តរាគមន៏លេខ២ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសដាច់ខាតថា៖ ក្នុងនាមយើងជា កងយោធពលខេមរភូមិន្ទ ត្រូវតែប្រឆាំង និងកម្ចាត់ចោលភ្លាមចំពោះចលនាសង្គ្រោះជាតិ ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព និងសុខដុមរមនីយកម្មរបស់ប្រជាជនកម្ពុជា ព្រោះថា កងយោធពលខេមរភូមិន្ទ
គឺជាឧបករណ៍បម្រើរដ្ឋនិងប្រជាជន កើតចេញពីប្រជាជន មានតួនាទីភារកិច្ច ការពាររដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន ឱ្យបានគង់វង្ស ដើម្បីប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ក្នុងគោលដៅតែមួយគត់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
ការថ្លែងបែបនេះរបស់ប្រមុខដឹកនាំកងទ័ពកម្ពុជា ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធាឆ្នាំ២០១៨ របស់កងពលធំអន្តរាគមន៏លេខ២ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ។
ការព្រមានរបស់ប្រមុខដឹកនាំកងទ័ពរបស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះត្រូវបាន លោក សម រង្ស៊ី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
សូមជំរាបថា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើង នៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕
ដោយៈFresh News
0 comments