(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានធ្វើការបំភ្លឺពាក់ព័ន្ធការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងនៅកម្ពុជាចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ និងជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ការបំភ្លឺនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងសេចក្តីបំភ្លឺរបស់ គ.ជ.ប បានបញ្ជាក់ថា នេះជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោតនេះត្រូវតែមានការចូលរួមពីគណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់នោះ ។
ជាមួយគ្នានេះ គ.ជ.ប ក៏បានបញ្ជាក់ថា ស្ថាប័នគ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លើសពីនេះទៀត ក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.បមិនដែលបានធ្វើចំណាត់ប្រភេទគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោលគឺ ចុះបញ្ជីគណបក្សនយោបាយទាំងឡាយណាដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។
យោងមាត្រា ១៥០ថ្មី (ពីរ) ជំពូក ១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.ប គឺជាស្ថាប័ន តែមួយគត់ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
គ.ជ.ប គ្មានជម្រើសអ្វីក្រៅតែពីអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាថាការបោះឆ្នោតមួយលើកៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដូច្នេះគ្មានអ្វីដែលត្រូវរាំងស្ទះនោះទេ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមកាលគ្រោងទុក គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕
0 comments