(ភ្នំពេញ) ៖ ខណៈពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែនប្រមុខគណបក្សកាន់អំណាចបានប្រកាសបើកផ្លូវឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលឲ្យបង្កើតបក្សថ្មី បើចង់ចូលរួមបោះឆ្នោតឆ្នាំក្រោយតែត្រូវមន្ដ្រីគណបក្សសង្គ្រោះជាតិបដិសេធយ៉ាងដាច់អហង្ការ។ ទោះជាយ៉ាងណា ភ្ជាប់ទៅនឹងការច្រានចោលរបស់មន្ដ្រីបក្សប្រឆាំងបែបនេះ សម្ដេចតេជោ នៅព្រឹកនេះបានបន្ថែមថា ចង់បង្កើត ឬមិនចង់ក៏ស្រេចតែចិត្តឯចុះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់ទួលពង្រនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្ដេចតេជោ បានលើកឡើងថា “…ពេលដែលយើងនិយាយថាគួរតែបង្កើតបក្ស ទៅគេថាមិនបង្កើតឯងមិនបង្កើតមុខដូចម៉ែអាញ់ អ្នកឯងមិនបង្កើតហីទៅយើងមិនបានបណ្ដេញអ្នកឯងទេ អ្នកឯងទេដែលចេញទៅរស់នៅក្រៅប្រទេសខ្លួនឯង អ្នកឯងចង់មកវិញមានអ្នកណាហាមឃាត់អ្នកឯងចង់ទៅងាប់ណាទៅៗ សូមផ្ដាំត្រឡប់ទៅវិញ មិនបង្កើតមិនមែនមុខដូចម៉ែអាញ់ទេ…ចាំមើលទៅ…”។
សម្ដេចបន្ដថា “…អ្នកខ្លះនិយាយថាចុងខែនេះ ដំណឹងល្អបក្សយើងរស់វិញ ដើមខែនេះដើមខែនោះមេបក្សនោះត្រឡប់មកវិញចាំតែត្រឡប់មកវិញទៅអាពៅអើយ…សាលក្រមតុលាការបិទការ តវ៉ាចេះតែថារស់មកវិញទៅរួច ខ្ញុំគិតថាមិនចង់ច្រលក់មាត់ តទៅទៀតទេ អស់រឿងខ្ញុំហើយ… រឿងខ្ញុំត្រូវធ្វើយ៉ាងណាឲ្យកម្ពុជា ឈានទៅមុខ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស…យើងមានបំណងល្អ គេថាយើងមានបំណងចេះចុះ…និយាយស្រួលអានេះគិតថាយើងទន់ គិតថាហ៊ុនសែនជិតងាប់ហើយ ចាំតែងាប់ទៅអាពៅ…”។
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវរួបរួមគ្នា រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមទាំងអស់គ្នា។
សម្ដេចក៏បានអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ ទៅផ្ទៀងផ្ទាត់ឈ្មោះដើម្បីបានចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ។ការឆ្លើយឌឺតបរបស់សម្តេចតេជោនេះធ្វើឡើងបន្ទាប់ពី អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧បានអះអាងនៅលើទំព័រ Facebook របស់លោក ថា ថ្នាក់ដឹកនាំអតីតគណបក្ស សង្គ្រោះជាតិ នឹងមិនបង្កើត គណបក្សថ្មីនោះទេទោះបីជាថ្នាក់ដឹកនាំគណបក្សកាន់អំណាចបានបើកផ្លូវឲ្យក្រុម អតីតបក្សនេះបង្កើតបក្សចូលរួម ប្រកួតប្រជែងបោះឆ្នោត យ៉ាងណាក្តី។
សូមញ្ជាក់ថាក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ ដោយសាលដីការតុលាកំពូលគឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»៕
0 comments