(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា អ្នកវិភាគខ្លះ ខ្វះការយល់ដឹងទើបបានជានិយាយមួយម៉ាត់ណា ក៏ដាក់កំហុសលើរាជរដ្ឋាភិបាល ធ្វើស្អីក៏មិនចេះត្រូវចិត្តខ្លួនឯងដែរ។ បើខ្លួនឯងពូកែសព្វគ្រប់នោះ ហេតុអ្វីមិនបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងក្នុងការបោះឆ្នោតទៅ បើគ្រាន់បើនោះ ?
លោក សុខ ឥសាន បានលើកឡើងជាសំណួរមួយចំនួនសម្រាប់ប្រជាពលរដ្ឋពិចារណាថា៖
– តើខ្វះការយល់ដឹងឬបានជានិយាយថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់ពី ៣ នាក់ដែលបានលាលែងនោះ មិនឯករាជ្យ ?
– តើ៣ នាក់នោះជាមនុស្សឯករាជ្យរបស់អស់លោកឬ?
– តើមកពីខ្វះការយល់ដឹងឬបានជាថាប្រទេសកម្ពុជាអត់ប្រជាធិបតេយ្យ ក្រោយចាប់ខ្លួនអតីតមេបក្សប្រឆាំងដែលជាប់ចោទពីបទក្បត់ជាតិ ? – តើប្រជាធិបតេយ្យសម្រាប់ប្រជាជនទូទៅឬក៏សម្រាប់តែមនុស្សម្នាក់ ?
– តើកូនស្រីលោក កឹម សុខា មានការយល់ដឹង ឬក៏ខ្វះការយល់ដឹង បានជាចង់ដោះបន្ទុកឪពុករបស់ខ្លួន ហើយគិតតែរត់ទៅពឹងពាក់នៅតែកន្លែងដែលមិនមានសមត្ថកិច្ចដោះស្រាយបញ្ហា ?
– តើអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឯណាមានភារកិច្ចដោះស្រាយដោះលែងជនក្បត់ជាតិនោះ ?
– តើមានការយល់ដឹងទេទើបមិនដឹងថាលោក កឹម សុខា និយាយថាខ្លួនធ្វើការបម្រើមេក្លោងបរទេសនោះ? ឬមួយ ដោយសារយល់ដឹងពេកបានជាឃុបឃិតគ្នា ទាំងឪទាំងកូន បម្រើបរទេសដូចគ្នា ?
លោក សុខ ឥសាន បានសន្និដ្ឋានថា មកពីខ្វះការយល់ដឹងនេះហើយ បានជាអតីតមន្ត្រីអតីតបក្សប្រឆាំងបែរជានិយាយថាគុកឃុំខ្លួន កឹម សុខា មិនល្អ ? គេមិនដែលយកជនជាប់ចោទទៅដាក់នៅសណ្ឋាគារទេ គឺគេដាក់នៅពន្ធនាគារ។ លោកបានសើចសំអកថាជាការពិតកម្ពុជានៅក្រហើយ ដូច្នេះទើបពន្ធនាគារនៅខ្វះខ្នោះច្រវ៉ាក់ជើងដូចប្រទេសជឿនលឿនខ្លះ៕
0 comments