(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះថា ក្នុងការកិច្ចការងារអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញនឹងមានការរៀបចំករណីពិសេសមួយ គឺរៀបចំកម្លាំងអន្តរាគមន៍ពិសេសដែលមានភារកិច្ចរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម ឲ្យចូលរួមនៅក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ។
លោកបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក៏នៅតែកើតមាន ហើយជាពិសេសបំផុតការអនុវត្តន៍ច្បាប់ចរាចរណ៍នេះប្រជាពលរដ្ឋក៏បានចូលរួមនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍នៅមានកម្រិតនៅឡើយ បានន័យថាការភ្ញាក់រលឹកក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋនៅមានកម្រិត ដូចជា គាត់មានការខ្លាចពេលឃើញមានសមត្ថកិច្ចឈរនៅតាដងផ្លូវ ប៉ុន្តែនៅតាមគោលដៅមួយចំនួនគ្មានសមត្ថកិច្ច គឺគាត់តែងតែធ្វើដំណើរល្មើសនឹងច្បាប់ចរាចរណ៍។
ស្នងការនគរបាលរាជធានីភ្នំពេញបានបន្តថានៅពេលដែលយើងរឹតបន្តឹងខ្លាំងក្នុងការពាក់មួកសុវត្ថិភាពក្នុងការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ ប៉ុន្តែកំណើនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមិនពាក់មួកសុវត្ថិភាពមានការកើនឡើង។ហើយបន្ទាប់ពីទទួលអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង គឺស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តសម្រាប់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ ហើយក្រុមចល័តនេះដោយសារក្រុមនគរបាលចរាចរណ៍មានចំនួនតិចមិនអាចធានាបាននូវការរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍នៅក្នុងទីក្រុងទាំងមូលបានទេ។
លោកបន្តថា កងកម្លាំងអន្តរាគមន៍ពិសេសនេះ គឺមិនមែនតែអន្តរាគមន៍ប្រឆាំងនិងបាតុកម្មឬការអន្តរាគមន៍លើការងារបង្ក្រាបភេរវកម្មឡើយ គឺកម្លាំងពិសេសនេះ មានមូលដ្ឋានគ្រឹះគ្រប់ជំនាញ ក្នុងការចូលរួមរឹតបន្តឹងចរាចរណ៍ផ្លូវគោកនៅក្នុងសប្តាហ៍ក្រោយនេះ ដោយមានរថយន្តចំនួន១៦គ្រឿង និងចល័តជា១៦ក្រុម ទៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនិមួយៗដើម្បីរៀបចំការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺក្នុងគោលដៅសំខាន់ គឺសម្រាប់សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
នៅក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវសាជាថ្មីទៅដល់អ្នកធ្វើដំណើរទាំងឡាយជាពិសេសអ្នជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងបានបញ្ជាឲ្យនគរបាលចរាចរណ៍អនុវត្តច្បាប់ទៅលើអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត៕
0 comments