Thursday, December 7, 2017

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រកាសមិនឱ្យបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ហើយហៅលោក សម រង្ស៊ី ជាជនក្បត់ជាតិ​


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានហៅការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលឱ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលនោះ គឺជាអំពើក្បត់ជាតិ។ មិនតែប៉ុណ្ណោះនាយឧត្តមសេនីយ៍ បានលើកឡើងថា ទោះជាមានការអំពាវនាវបែបនោះក៏ដោយ ក៏កងទ័ពមានវិន័យ មិនជ្រួលជ្រើមតាមនោះទេ ហើយកងទ័ពនឹងមិនអនុញ្ញាតឱ្យបដិវត្តពណ៌កើតឡើងនៅកម្ពុជាជាដាច់ខាត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតមួយ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បង្ហាញការប្រតិកម្មចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី នៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ។


នាយឧត្តមសេនីយ៍ ប៉ុល​ សារឿន បានថ្លែងថា មេធាវីកងយោធពលខេមរភូមិន្ទ បានរៀបចំឯកសាររួចរាល់ហើយ និងគ្រោងនឹងដាក់ពាក្យប្តឹងទៅតុលាការនៅល្ងាចនេះ ឬថ្ងៃស្អែក ដើម្បីឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ លោកថ្លែងថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។
ឯកឧត្តម ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។
សូមបញ្ជាក់ថា ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាទង្វើក្បត់ជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ថែមទាំងបានហៅ លោក សម រង្ស៊ី ថាជាជនក្បត់ជាតិសួរពូជទៀតផង៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...