(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បើទោះបីកំពុងរស់នៅរាជធានីភ្នំពេញ យ៉ាងណាក្តី ក៏សម្តេចមិនដែលភ្លេចឡើយ នូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ពោលគឺសម្តេចតែងតែព្រួយបារម្ភជានិច្ច មិនថាបងប្អូនរស់នៅទីក្រុង ឬជនបទ ពិសេសបងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពេលដែលអាកាសធាតុនៅប្រទេសកម្ពុជា បានចុះត្រជាក់ខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសេចក្តីនឹករលឹកដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនកងទ័ពការពារព្រំដែន ឲ្យថែរក្សាសុខភាពឲ្យបានល្អ ក្នុងរដូវរងានេះ
តាមរយៈ Facebook សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើដល់ជនរួមជាតិត្រូវឆ្លៀតលេងកីឡា នាពេលព្រឹកដើម្បីសុខភាព ក្នុងពេលអាកាសធាតុត្រជាក់ខ្លាំងនេះ ហើយចំពោះបងប្អូនវីរកងទ័ពនៅតាមព្រំដែន ត្រូវស្លៀកពាក់ខោអាវរងារការពារខ្លួន ឲ្យបានជាប់កុំឲ្យមានជំងឺតម្កាត់អ្វីកើតឡើង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖
«សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស?
នៅទីក្រុងភ្នំពេញព្រឹកនេះ ធាតុអាកាសត្រជាក់ខ្លាំង ហើយបន្ថែមដោយខ្យល់ធ្លាក់មកទៀត គឺរងារទាំងព្រឹកតែម្តង។ សូមបងប្អូនឆ្លៀតពេលហាត់កីឡា នៅពេលព្រឹកដើម្បីសុខភាព។ ចំពោះបងប្អូនកូនក្មួយ ដែលជាកងទ័ពការពារនៅតាមព្រំដែន ត្រូវតែថែរក្សាសុខភាព ឲ្យបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួន ឲ្យបានជាប់កុំឲ្យមានជំងឺតម្កាត់ផ្សេងៗ។
អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព សម្រាប់ប្រទេសជាតិ ដែលបានផ្តល់ឱកាសកាន់តែច្រើនឡើងៗ ក្នុងការប្រកបការងារ និងកូនចៅបានទៅសាលារៀនគ្រប់ទីកន្លែង ហើយទេសចរជាតិ និងអន្តរជាតិក៏បានសប្បាយរីករាយ ក្នុងការមកទស្សនាកម្ពុជា។
ជាពិសេសទៀតនោះ ដោយសារស្ថានភាពនយោបាយប្រទេស យើងមានស្ថេរភាព គឺបានទាក់ទាញវិនិយោគគិនបរទេសជាច្រើន មកបណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសដែលផ្តល់នូវការងារ និងប្រាក់ចំណូលយ៉ាងច្រើន ដល់ពលរដ្ឋយើង។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់ពេលនេះ។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ រកស៊ីទទួលទានមានបាន និងមានលាភសំណាងល្អគ្រប់ៗគ្នា»
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអាកាសធាតុចុះត្រជាក់ខ្លាំងនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយខេត្តព្រំដែនមួយចំនួន មានអាកាសធាតុចុះត្រជាក់រហូតដល់១៣អង្សាសេ៕
0 comments