Friday, December 8, 2017

មន្ត្រី​ជំនាញ​ ប្រាប់​ល្បិច​មេខ្យល់​អូសទាញ​ស្ត្រី​ខ្មែរ ​​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ចិន​

“ផ្អែក​លើ​ការ​ខ្វះខាត​ការ​យល់​ដឹង​របស់​ប្រជាជន​​រស់​នៅ​ទី​ជនបទ ​គួប​ផ្សំ​នឹង​តម្រូវ​ការ​ចាំ​បាច់​​ក្នុង​គ្រួសារ​ជន​ល្មើស​ជា​មេខ្យល់​​បាន​ប្រើ​ឧបាយកល​ថ្មី​ឱ្យ​កម្រៃ​ខ្ពស់ ដែល​គេ​ហៅ​ថា ជា​ថ្លៃ​បណ្ដាការ​ពី ​៥០០​ដុល្លារ​ទៅ​១ ០០០ ដុល្លារ​ពេល​មុន​​ ឥឡូវ​បាន​ឡើង​ដល់ ​៣ ០០០​ដុល្លារ​ ឬ​ច្រើន​ជាង​នេះ”។ ទាំងនេះ​គឺជា​​ការ​រៀបរាប់​ខ្លះ​ៗ​របស់​លោក​ឧត្ដម​សេនីយ៍ ប៉ុល ភិធេយ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន ​នៃ​ក្រសួង​មហា​ផ្ទៃ ​ជុំវិញ​ការ​ប្រើល្បិច​របស់​មេខ្យល់​អូសទាញ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន។


លោក​ឧត្តម​ឧត្ដមសេនីយ៍ បាន​បន្ថែម​ថា ​ក្រុម​មេខ្យល់​ច្រើន​ធ្វើ​សកម្មភាព​នៅខេត្ត​ក្រចេះ កំពង់​ចាម ស្ទឹង​ត្រែង និង​ខេត្ត​រតនៈ​គិរី បន្ទាប់មក​បន្លំ​ធ្វើ​លិខិត​ឆ្លង​ដែន​ ខ្លះ​ប្រើ​ឯកសារ​ក្លែង​ក្លាយ និង​ប្ដូរ​អាយុ ដែល​​ភាគច្រើន​ឆ្លងកាត់​ប្រទេស​វៀតណាម​ជា​ទេសចរ​ និង​​ឆ្លងដែន​ខុសច្បាប់​នៅ​ប្រទេសចិន​។ ​​បច្ចុប្បន្ន​នេះ ​មេខ្យល់​លែង​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ផ្ទាល់​ហើយ។

“ចឹង! ​មាន​ការ​ជ្រើសរើស ​ហើយ​មាន​ការ​ឃុប​ឃិត​គ្នា​​បោក​បញ្ឆោត​នារី​ខ្មែរ​យើង​ឆ្លង​កាត់​​តាម​ប្រទេស​វៀត​ណាម ក្នុង​រូបភាព​ទេសចរណ៍​ ហើយ​បាន​ចេញ​ពី​ប្រទេសវៀត​ណាម​ប៉ែក​ខាង​ត្បូង​ទៅ​ ធ្វើ​ដំណើរ​ដោយ​គ្មាន​លិខិត​អី​ទេ​ ​ឆ្លងតាម​ច្រក​របៀង​ទៅ​ប្រទេស​ចិន ហើយ​ជួន​កាល​ទៀត​សោត​​គេ​ប្រើប្រាស់​អ្នក​​បាន​រៀបអាពាហ៍ពិពាហ៍​ហើយ​​នៅ​ប្រទេស​ចិន ហើយ​មាន​ឪពុក ម្តាយ​នៅ​ប្រទេស​ខ្មែរ។​ ចឹង​! គេ​ឱ្យ​ ឪពុក​ម្តា​យ​នៅ​ស្រុក​ខ្មែរ​នេះ​អូសទាញ​បន្ត​​”។ លោក ឧត្តមសេនីយ៍ មានប្រសាសន៍។


  ចំពោះ​មូល​ហេតុ​ដែល​មន្ត្រី​ជំនាញ​​ហ៊ាន​អះអាង​ដូចនេះ​ ដោយ​សារ​កន្លងមក​​មាន​ជន​រង​គ្រោះ​ជាបន្ត​បន្ទាប់​រស់​នៅ​តំបន់​ខាង​លើ​​បាន​ប្ដឹងផ្ដល់​​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​​ជួយ​សង្គ្រោះ។ នេះ​បើ​តាម​​លោក​ឧត្ដមសេនីយ៍ ប៉ុល ភិធេយ្យ។​ លោក​បាន​ឱ្យ​ដឹង​ថា ដើម្បី​ឈាន​ទៅ​ទប់​ស្កាត់​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​​ជួញ​ដូរ​មនុស្ស​មាន​ប្រសិទ្ធិ​ភាព​​ត្រូវ​ទាមទារ​មាន​ការចូលរួម​ពី​ជន​រង​គ្រោះ​ និង​ប្រជាជន​ទូទៅ។ ឧទាហរណ៍​ដូចជា​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្រៅ​ប្រទេស​អាច​ទាក់ទង​មក​​​បងប្អូន​​នៅ​ក្នុងស្រុក​ និង​​​បណ្ដាញ​ផ្សព្វផ្សាយ​ ដើម្បី​ឈាន​ទៅ​ប្ដឹង​អាជ្ញាធរ​មានសមត្ថកិច្ច ឬអាច​ទាក់ទង​មក​អគ្គស្នងការ​នគរបាល​ជាតិ​តាមទូរសព្ទ​លេខ ១១៧ ១១៨ ព្រមទាំង​ប៉ុស្តិ៍ រដ្ឋបាល​នៅក្បែរ​ផ្ទះ​។
  លោក​បាន​អំពាវ​ដល់​ឪពុក ម្តាយ​ពេល​សម្រេច​​បញ្ជូន​កូន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ឬ​អាពាហ៍ពិពាហ៍​ជាដើម​​ត្រូវ​ស្វែង​រក​ភាព​ស្របច្បាប់​ ត្រូវ​ស្ដាប់​ និង​វិភាគ​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ជៀសវាង​ស្ដាប់​នូវ​ពាក្យ​ឃោសនា​តែមួយ​មុខ​​។ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​សង្ស័យ​ករណី​ជួញដូរមនុស្ស​សូម​ផ្ដល់​ព័ត៌មាន​ខាង​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើ​ការទប់ស្កាត់​ទាន់​ពេល​វេលា​។
​ ផ្អែក​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន ​នៃ​ក្រសួង​មហា​ផ្ទៃ​​ក្នុង​ឆ្នាំ​២០១៧ ​បាន​បង្ហាញថា ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ថយ​ចុះ ពោល​គឺ​មានចំនួន​ ៨៥ នាក់ ធៀប​នឹង​ឆ្នាំ​១០៨ នាក់​ ជនរង​គ្រោះ​អាជីវកម្ម​ផ្លូវ​ភេទ មាន​ចំនួន ២១៣ នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ មាន ១៨៧ នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...