(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ទូទាំងខេត្តនេះ អនុវត្តការងារឲ្យមានប្រសិទ្ធភាព ដើម្បីបម្រើ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ជាពិសេសបញ្ហាដីធ្លី និងបញ្ហាទំនាស់ផ្សេងៗទៀត ដែលបានបន្សល់ទុកកន្លងមក។
ឯកឧត្តម សុខ លូ ថ្លែងជំរុញបែបនេះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ដែលមានចំនួន ៧ករណី ទូទំាង៨ក្រុង-ស្រុក ដែលមានបញ្ហារាំរ៉ៃកន្លងមក ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំបានពិនិត្យពិភាក្សា និងឯកភាពគ្នា ទៅលើការងារសំខាន់ៗ មួយចំនួនដែលអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តនៅមូលដ្ឋានទំាង៨ក្រុង-ស្រុក ឲ្យមានប្រសិទ្ធភាពមានដូចជា៖
(១)៖ ការងារឆ្វៀលដីនៅតំបន់៣ និងតំបន់២ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដោយជំរុញការចេញសលាកបត្រព័ត៌មាន ឲ្យដល់ដៃប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ
(២)៖ ការកំណត់ទំហំដីស្នើសុំរបស់ប្រជាពលរដ្ឋក្នុងតំបន់អភិរក្សសត្វខ្សឹបដោយត្រូវពិនិត្យ និងដោះស្រាយជាក់ស្តែង
(៣)៖ ការជំរុញការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត
(៥)៖ ការជំរុញការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ជាក់ស្តែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក
(៦)៖ ការជំរុញរៀបចំបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើនៅឃុំចុងដូង ស្រុកបារាយណ៍
(៧)៖ ការជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋពិសេសយុវជនទើបគ្រប់អាយុ គឺសំដៅឆ្ពោះទៅការបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំ២០១៨នាពេលខាងមុខ។
(៨)៖ ការជំរុញពិនិត្យ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋដែលទាក់ទងនឹងសាលារៀន ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្តបញ្ហាសណ្តាប់ធ្នាប់ និងអនាម័យសាធារណៈពិសេសការដោះស្រាយគំនរសំរាមតាមទីផ្សារដែលនាំឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងការផ្តល់ នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស និងមានតម្លាភាព។
ឯកឧត្តម សុខ លូ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរពិនិត្យ និងដោះស្រាយនូវរាល់ បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅមូលដ្ឋានក្រុង-ស្រុកទាំង៨ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពសំដៅធ្វើ ឲ្យប្រជាពលរដ្ឋមូលដ្ឋានមានភាពកក់ក្តៅជឿជាក់ ទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋានរបស់រដ្ឋ៕
0 comments