ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងរបស់គជប បានថ្លែងប្រាប់ថា ក្រោយរម្លាយគណបក្សសង្គ្រោះជាតិអាសនៈ ដែលនៅទំនេរត្រូវធ្វើការបែងចែកទៅគណបក្សនយោបាយដទៃទៀត បើក្រោយការប្រកាសហើយមិនទទួលយកនោះអាសនៈដែលនៅទំនេរនោះនឹងបែកចែកទៅគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភាតែម្តង។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការ រងរបស់គណៈកម្មាធិការជាតិ ហៅកាត់ ថា គជប បានថ្លែងប្រាប់BTV នៅព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា នេះថា មកទល់ពេលនេះ មានគណបក្សនយោបាយចំនួន២ ក្នុងចំនោម៦ គណបក្សនយោបាយដែលប្រកាសមិនទទួលយកនូវអាសនៈ ដែលទំនេរនៅរដ្ឋសភានោះ។ យ៉ាងណាមិញ តាមច្បាប់ស្តីពីជ្រើសតាំងតំណាងរាស្ត្រគឺត្រូវធ្វើតាមនីតិវិធី ដោយត្រូវធ្វើបែងចែក ប៉ុន្តែបើសិនក្រោយការប្រកាសបែងចែកហើយមិនទទួលយកនោះ ត្រូវបែងចែកទៅគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងនីតិកាល នៃរដ្ឋសភា ខណៈ ដែលគណបក្សនយោបាយ ប្រកាសបោះបង់ចោលអាសនៈ ឫ ត្រូវលុបពីបញ្ជីឈ្មោះគណបក្សនយោបាយ ឫ រម្លាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយបញ្ជីបក្ខជន និងតំណាងរាស្ត្រទាំងអស់ក្នុងគណបក្សនយោបាយត្រូវចាត់ជាលែងបានការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវធ្វើការបែងចែកអាសនៈ នោះ ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិតពីរដ្ឋសភា ឫ ក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ផងដែរថា គណបក្សមានចំនួន៦ ដែលនឹងត្រូវស្ថិតក្នុងការបែងចែកនូវអាសនៈ ដែលទំនេរមាន គណបក្សខ្មែរឈប់ក្រ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ គណបក្សហ្វ៊ិនស៊ិនបិច គណបក្ស សាធារណៈ រដ្ឋប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច៕



0 comments